(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រខ្មៅ (Black Sea) នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះដើម្បីបង្ហាញការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងបង្កើនវត្តមានយោធានៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រី រូបនេះដដែលបានបញ្ជាក់ទៀតថាការធ្វើនាវាចររបស់នាវាចម្បាំងអាមេរិកក្នុងតំបន់សមុទ្រខ្មៅគឺជារឿងធម្មតា ប៉ុន្តែការពិចារណាបញ្ជូននាវាចម្បាំងនាពេលនេះគឺជាការ ផ្ញើសារមួយយ៉ាងច្បាស់ទៅកាន់ទីក្រុងម៉ូស្គូថាសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដែលកំពុងកើតឡើង។

គួរបញ្ជាក់ថា មន្ត្រីយោធាអាមេរិកខាងលើមិនបញ្ជាក់ពេលវេលាជាក់លាក់នៃការបញ្ជូននាវាចម្បាំងនេះទេ។ ប៉ុន្តែបានអះអាងថាកងនាវាអាមេរិកក៏នឹងបន្តបញ្ជូន យន្ដហោះស៊ើបការណ៍ទៅកាន់តំបន់ដែនអាកាសអន្តរជាតិពីលើតំបន់សមុទ្រខ្មៅផងដែរ ដើម្បីតាមដានសកម្មភាពកងនាវាចម្បាំង និងសកម្មភាពកងទ័ពរបស់រុស្ស៊ី នៅក្នុងតំបន់គ្រីមៀ៕