(រ៉ង់ហ្គូន)៖ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការនៅមីយ៉ាន់ម៉ា លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) នឹងរៀបចំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចំនួនពីរនៅតំបន់អាស៊ី ដើម្បីស្វះស្វែងរកការគាំទ្រផ្នែកការទូត នៅក្នុងការដោះស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

ការត្រៀមបំពេញទស្សនកិច្ចរបស់លោកស្រី Burgener ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលសហគមន៍អន្តរជាតិ កាន់តែសម្តែងក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ាខ្លាំងឡើងៗ។ ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បាតុកម្ម និងការបង្ក្រាបបានកើតមានឡើងស្ទើរមិនលោះថ្ងៃ ដែលបាននាំឲ្យមនុស្ស ៦១៤នាក់ហើយបាត់បង់ជីវិត និងជិត ៣,០០០នាក់ទៀតត្រូវបានចាប់ខ្លួន គិតត្រឹមថ្ងៃសុក្រនេះតែម្តង។

គួរបញ្ជាក់ថា ប្រេសិតពិសេស UN គឺលោកស្រី Burgener ត្រូវបានគេដឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយបន្ទាប់មកទៀតទើបលោកស្រី បន្តដំណើរទៅកាន់ប្រទេសចិន ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅ ភូមិផងរបងជាមួយមីយ៉ាន់ម៉ា។ ទោះជាបែបនេះក្តី សម្រាប់ពេលវេលាជាក់លាក់ ដែលលោកស្រី Burgener នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនោះ នៅមិនទាន់មានប្រភពណាអាចបញ្ជាក់ឡើយ៕