(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ២៤ រូបមកពីអឺរ៉ុប និងអាមេរិកជាដើមបានចេញផ្សាយលិខិតបើកចំហមួយ ដោយអះអាងថា ការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ នៃអង្គការសុខភាពពិភពលោក (WHO) បានរងឥទ្ធិពលពីកត្តានយោបាយ។ ទាក់ទិននឹងរឿងនេះ លោក ចាវ លីជាន អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី៨ ខែមេសាថា ការងារស្វែងរកប្រភពដើមនៃរីរុស ពិតជាបានរងឥទ្ធិពលពីកត្តានយោបាយមែន ប៉ុន្តែមិនមែនមកពីភាគីចិននោះទេ តែគឺមកពីប្រទេសមួយក្តាប់តូច ដូចជាអាមេរិកជាដើម។

លោក ចាវ លីជាន បានកត់សម្គាល់ថា ក្រោយពីធ្វើទស្សនកិច្ច និងត្រួតពិនិត្យនៅប្រទេសចិនដោយផ្ទាល់ និងសិក្សាយ៉ាងស៊ីជម្រៅ ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ បានសម្គាល់ជាឯកច្ឆន្ទថា ការធ្វើសម្មតិកម្មថា ហេតុការណ៍កើតក្នុងមន្ទីរពិសោធន៍ចិន បាននាំឱ្យកើតមានវីរុសកូរ៉ូណាថ្មី គឺជារឿងមិនអាចទៅរួចជាដាច់ខាត។

យើងរំពឹងថា ភាគីពាក់ព័ន្ធនានាបូករួមទាំងអាមេរិកផង ក៏ធ្វើដូចជាភាគីចិអ៊ីចឹង ដោយប្រកាន់អាកប្បកិរិយាសហប្រតិបត្តិការបែបវិទ្យាសាស្រ្ត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសុខភាពពិភពលោក ក្នុងការស្វែងរកប្រភពដើមនៃវីរុស ក៏ដូចជាអញ្ជើញអ្នកជំនាញ នៃអង្គការសុខភាពពិភពលោកឱ្យទៅប្រទេសខ្លួន ដើម្បីធ្វើការសិក្សាស្រាវជ្រាវតាមវិទ្យាសាស្ត្រ ចំពោះការស្វែងរកប្រភពដើមនៃវីរុស៕