(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានប្រកាសថានឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត បន្ទាប់ពីចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុកដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនូវរលកទី៤នៃជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-kyun) បានប្រកាសពីវិធានការទប់ស្កាត់ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ សម្រាប់រយៈពេល ០៣សប្តាហ៍ បន្ទាប់ពីករណីឆ្លងថ្មីៗប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ០៣ខែនាប៉ុន្មានថ្ងៃថ្មីៗនេះ។ បច្ចុប្បន្ននេះ នៅវេលាម៉ោង ១០៖០០នាទីយប់ បំរាមគោចរ, ការហាមឃាត់ការបរិភោគអាហារពេលល្ងាច, ការហាមឃាត់ការជួបជុំមនុស្សលើសពី៤នាក់ នឹងត្រូវរក្សាការអនុវត្តដដែល។

លោក Chung បានគូសបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំប្រចាំថ្ងៃស្តីពីជំងឺឆ្លងរាតត្បាតថា «សញ្ញារលកទី៤ នៃជំងឺឆ្លងរាតត្បាតដែលយើងបានខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងវានេះគឺកាន់តែខិតជិតមកដល់ហើយ និងកាន់តែខ្លាំងឡើងហើយ។ យើងនឹងរក្សាវិធានការរក្សាគម្លាតនាពេលបច្ចុប្បន្ននេះដដែល ប៉ុន្តែនឹងពង្រឹងវិធានការជាក់លាក់ផ្សេងៗបន្ថែម អាស្រ័យលើស្ថានភាព»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ៦៧១ករណី ដែលនាំឱ្យករណីឆ្លងសរុបបានកើនឡើងដល់ ១០៨,២៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៦៤នាក់ និងជាសះស្បើយឡើងវិញ ៩៨,៧៨៦នាក់៕