(បាងកក)៖ អង្គភាពពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រទេសនេះកំពុងពិចារណាលើការ បិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ៤០ ខណៈកំពុងប្រញាប់ប្រញាល់ដោះស្រាយនូវរលកថ្មី នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរថៃខាងលើនេះបានជំរុញឱ្យវិស័យសាធារណៈ និងឯកជនទាំងអស់ អនុញ្ញាតឱ្យនិយោជិករបស់ពួកគេធ្វើការពីផ្ទះ និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤០៥ករណីត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ជាការផ្ទុះឡើងថ្មីឡើងវិញ ដែលទាក់ទងនឹងក្លឹបកម្សាន្តពេលរាត្រី នៅទីក្រុងបាងកក។

ការឆ្លងរីករាលដាលនេះបានកើតឡើង នៅអំឡុងពេលដ៏ពិបាកបំផុតមួយ សម្រាប់ប្រទេសថៃ ពោលគឺមុនថ្ងៃពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលត្រូវបានគេស្គាល់ថា ជាការជួបជុំ និងការលេងបាញ់ទឹកដ៏ធំ ដែលអាជ្ញាធរថៃបានហាមឃាត់រួចទៅហើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យអង្គភាពពិសេសទប់ទល់ COVID-19 បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលថៃកំពុងស្វែងរកការឯកភាព ដើម្បីបិទកន្លែងកម្សាន្តដែលរួមមានហាងស្រា និងខារ៉ាអូខេរយៈពេល ២សប្តាហ៍នៅក្នុងខេត្តចំនួន ៤០ និងនៅក្នុងទីក្រុងបាងកក ខណៈករណីឆ្លងថ្មីៗខាងលើនេះ ត្រូវបានគេរាយការណ៍នៅក្នុងខេត្តចំនួន ២០។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុឆា ភូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) បានគូសបញ្ជាក់បន្ថែមថា កន្លែងកម្សាន្តដែលមានករណីឆ្លងនេះ ត្រូវបានគេបញ្ជាឱ្យបិទរួចហើយ... ហើយកន្លែងជាច្រើនទៀត អាចនឹងរងផលប៉ះពាល់ ប្រសិនបើមានការឆ្លងរីករាលដាលកាន់តែខ្លាំង។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០,៣១០ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងអ្នកជាសះស្បើយ ២៨,១០១នាក់៕