(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក យែន ស្ពាញ (Jen Spahn) នៅថ្ងៃពុធសប្តាហ៍នេះ បានប្រាប់បណ្តារដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសហភាពអឺរ៉ុបដទៃទៀតថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកំពុងចាប់ផ្តើមកិច្ចចរចា ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ ប្រទេសរុស្ស៉ី ឈ្មោះថា Sputnik V ហើយ។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មាន Politico នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ប្រភពពីក្រុមមន្រ្តីការទូតអឺរ៉ុប បានឲ្យដឹងថា លោក Spanh បានធ្វើសេចក្តីប្រកាសដូចខាងលើ ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ រវាងក្រុមរដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីសុខាភិបាលម៉ាល់តា បានស្នើឲ្យគណៈកម្មការអឺរ៉ុប ពិចារណារៀបចំកិច្ចចរចាលក្ខណៈរួមថែមទៀតផង ដើម្បីទិញវ៉ាក់សាំង Sputnik V ព្រោះថាបើដូច្នោះបណ្តាប្រទេសនៅសហភាពអឺរ៉ុបទាំងមូល អាចប្រើប្រាស់វ៉ាក់សាំងរុស្ស៉ីនេះបាន ប្រសិនបើវាទទួលបានការអនុញ្ញាត ឬក្រោយទទួលបានការអនុញ្ញាតភ្លាមៗ ពីទីភ្នាក់ងារឱសថអឺរ៉ុប។

គួរបញ្ជាក់ថា វ៉ាក់សាំងរុស្ស៉ី Sputnik V បានក្លាយជាជម្រើយគួរឲ្យទាក់ទាញមួយសម្រាប់អឺរ៉ុប ដែលបច្ចុប្បន្នកំពុងតែប្រឈមការខ្វះខាត វ៉ាក់សាំងបង្ការជំងឺ COVID-19។ កន្លងមកនេះ ប្រទេសអឺរ៉ុបដូចជាហុងគ្រី ទទួលបានវ៉ាក់សាំងនេះកន្លះលានរួចស្រេចទៅហើយ ចំណែកស្លូវ៉ាកក៏ទទួលបានវ៉ាក់សាំង Sputnik V ចំនួន២សែនដូសផងដែរ ខណៈអូទ្រីស បានបង្ហាញការចាប់អារម្មណ៍ចង់ទិញវ៉ាក់សាំងរុស្ស៉ីនេះ ចំនួន០១លានដូស។ បច្ចុប្បន្ន វ៉ាក់សាំង Sputnik V កំពុងបន្តស្ថិតក្រោមការវាយតម្លៃរបស់ ទីភ្នាក់ងារឱសថអឺរ៉ុប EMA នៅឡើយទេ៕