(អឺរ៉ុប)៖ និយតករឱសថអឺរ៉ុបបាននិយាយថា វាអាចមានទំនាក់ទំនងរវាងវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca Plc និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ដែលនេះនឹងធ្វើឲ្យសាធារណជនកាន់តែមានការព្រួយបារម្ភជុំវិញសុវត្ថិភាពវ៉ាក់សាំង ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រមូលផ្តុំប្រជាជនឲ្យមកចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

ទីភ្នាក់ងារឱសថអឺរ៉ុបបានឲ្យដឹងនៅថ្ងៃពុធនេះថា «បញ្ហាកំណកឈាមមិនធម្មតា ជាមួយនឹងចំនួនផ្លាកែត (platelets )ទាបគួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្រមួយ នៃវ៉ាក់សាំង AstraZeneca»។ ប៉ុន្តែទោះយ៉ាងណាទីភ្នាក់ងារមួយនេះនៅតែសង្កត់ធ្ងន់ថាអត្ថប្រយោជន៍របស់វាមានច្រើនលើសពីហានិភ័យ។

ការពិនិត្យឡើងវិញ ដោយក្រុមអ្នកត្រួតពិនិត្យឱសថ MHRA បានរកឃើញថា កាលពីចុងខែមីនាកន្លងទៅមានមនុស្ស ៧៩នាក់នៅចក្រភពអង់គ្លេសមានបញ្ហាកំណកឈាមដ៏កម្រ បន្ទាប់ពីពួកគេទទួលចាក់វ៉ាក់សាំង AstraZeneca ដោយក្នុងចំណោមពួកគេមានករណីស្លាប់ទៀតផង។ ទោះជាយ៉ាងណានិយតករបាននិយាយថា នេះមិនមែនជាភ័ស្តុតាងដែលអាចបញ្ជាក់ ១០០% ថា វ៉ាក់សាំងនេះបណ្តាលឲ្យមានបញ្ហាកំណកឈាមនោះទេ។ ប៉ុន្តែវាអាចមានទំនាក់ទំនងគ្នាយ៉ាងច្បាស់លាស់មួយ។

គួរបញ្ជាក់ថា ការព្រមាននេះអាចនឹងគម្រាមកំហែងដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់សហភាពអ៊ឺរ៉ុបទាំងមូល ដែលទើបតែមានសន្ទុះខ្លាំងមកវិញ បន្ទាប់ពីយឺតយ៉ាវតាំងពីដើមទីមក៕