(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃពុធ ទី០៧ មេសានេះថា ខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ននូវការប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ក្រុមមនុស្សដែលមានអាយុក្រោម ៦០ឆ្នាំ ចំពេលដែលសហភាពអ៊ឺរ៉ុបកំពុងធ្វើការពិនិត្យឡើងវិញជុំវិញបញ្ហាវ៉ាក់សាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះ ប្រទេសកូរ៉េខាងត្បូងក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងអាមេរិក Johnson & Johnson ក្នុងករណីបន្ទាន់ផងដែរ ដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនឲ្យបានលឿនជាងនេះ។

ទីភ្នាក់ងារឱសថអ៊ឺរ៉ុប(EMA) គ្រោងនឹងប្រកាសលទ្ធផល នៃការពិនិត្យឡើងវិញជំុវិញករណីខ្លះដែលថា តើបញ្ហាកកដុំឈាមរបស់មនុស្សពេញវ័យ អាចនឹងមានទំនាក់ទំនងនឹងវ៉ាក់សាំង AstraZeneca ដែរឬទេ។

ភាពចម្រូងចម្រាសជាសកលជុំវិញប្រសិទ្ធភាព និងផលប៉ះពាល់នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 បានធ្វើឲ្យមានភាពយឺតយ៉ាវសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈជាមួយនឹងគោលដៅឈានទៅសម្រេចបាននូវភាពស៊ាំជាសហគមនៅក្នុងខែវិច្ឆិកាខាងមុខ។

កន្លងមក ក្រុមហ៊ុន AstraZeneca ធ្លាប់បាននិយាយថា ការសិក្សារបស់ខ្លួនមិនបានរកឃើញថាមានហានិភ័យខ្ពស់ នៃបញ្ហាកកដុំឈាមនោះទេ ខណៈដែលវ៉ាក់សាំងរបស់ខ្លួនរាប់រយលានដូស ត្រូវបានចែកចាយនៅទូទាំងពិភពលោក។ ចំណែកឯអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) ក៏បាននិយាយដែរថា អត្ថប្រយោជន៍របស់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យ ដោយបានជុំវិញឲ្យបណ្តាប្រទេសនានាបន្តប្រើប្រាស់វា៕