(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃពុធនេះបានជំរុញឲ្យប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបខិតខំរួមគ្នាជាមួយប្រទេសចិន ដើម្បីការពារនិងលើកកម្ពស់ការអភិវឌ្ឍមួយប្រកបដោយសុខភាពល្អនិងស្ថេរភាព ដើម្បីនាំមកនូវភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតសម្រាប់ពិភពលោកដែលងាយនឹងរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

ការកត់សម្គាល់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាមួយតាមរយៈទូរសព្ទជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺរកែល (Angela Merkel) នៅថ្ងៃពុធនេះ។

លោក ស៊ី បានមានប្រសាសន៍ថា លោកនិងលោកស្រី Merkel បានប្រាស្រ័យទាក់ទងគ្នាជាច្រើនលើកកាលពីឆ្នាំមុន ដែលបានដើរតួនាទីនាំមុខដ៏សំខាន់ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាល្លឺម៉ង់ និងចិន-អឺរ៉ុប។

ទន្ទឹមនឹងនោះលោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយសហភាពអឺរ៉ុបជានិច្ច ដើម្បីធានាឲ្យបាននូវភាពជោគជ័យ នៃរបៀបវារៈនយោបាយសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់ តាមរយៈការពិគ្រោះយោបល់ស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្តីពីការប្រែប្រួលអាកាសធាតុ និងបញ្ហាអភិបាលកិច្ចពិភពលោក ក៏ដូចជារួមគ្នាដើម្បីអនុវត្តពហុភាគីនិយមជាដើម៕