(បាងកក)៖ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ថៃលោក Saksayam Chidchob ត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺ COVID-19 បន្ទាប់ពីកម្តៅខ្លួនឡើងដល់ ៣៨អង្សាសេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

លោក Saksayam បាននិយាយថា រូបលោកបានទៅយកសំណាកពិនិត្យមើលជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយកាលពីថ្ងៃអង្គារ ហើយលទ្ធផលគឺអវិជ្ជមាន។ ប៉ុន្តែនៅព្រឹកថ្ងៃពុធនេះ គាត់ប្រែមានអាក្ការៈគ្រុនក្តៅ ដោយមានសីតុណ្ហភាពរហូតដល់ ៣៨៣៨អង្សាសេ ហើយក៏បានត្រឡប់ទៅធ្វើតេស្តម្តងទៀត ដោយលទ្ធផលលើកនេះគឺវិជ្ជមាន។

រដ្ឋមន្ត្រីរូបនេះត្រូវបានគេសង្ស័យថាបានឆ្លងពីមន្ត្រីនៅការិយាល័យរបស់លោកមួយរូប ដែលបានទៅកន្លែងកម្សាន្តមួយនៅទីក្រុងបាងកក ជាទីដែលមានការផ្ទុះករណីឆ្លងជំងឺ COVID-19 យ៉ាងខ្លាំង។

គួរបញ្ជាក់ថា ករណីឆ្លងថ្មីនេះបានធ្វើឲ្យគណៈរដ្ឋមន្ត្រីថៃ ប្រែក្លាយជាចំណុចក្តៅនៃការចម្លងជំងឺ COVID-19។ ថ្បិតថា រដ្ឋមន្ត្រីរូបនោះបានទៅចូលរួម ក្នុងពិធីសាសនាមួយនៅទីស្នាក់ការកណ្តាលគណបក្សកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ជាក់ស្តែងដូចជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រកាសថា លោកមានទំនាក់ទំនងជិតស្និទជាមួយនឹងលោក Saksayam នៅក្នុងពិធីមួយនោះ ។ ដូច្នេះរូបលោក ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀតដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលនឹងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយធ្វើការពីផ្ទះ៕