(ប៊ែរឡាំង)៖ ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ Curevac បាននិយាយថាខ្សែចង្វាក់សកលផ្គត់ផ្គង់វ៉ាក់សាំង COVID-19 បានរងការរំខានដោយសារតែការរឹតត្បិតរបស់ សហរដ្ឋអាមេរិក ដោយបង្កការឈឺក្បាលដល់បណ្ដាក្រុមហ៊ុនជាច្រើនដែលកំពុងព្យាយាមបង្កើនការផលិតវ៉ាក់សាំងនៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

លោក ផ្ល័ររៀន ហ្វុន ឌែរ មូអែលបេ (Florian von der Muelbe) ដែលជាសហស្ថាបនិកមួយនៃក្រុមហ៊ុន Curevac ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាននៅក្នុងស្រុកមួយចេញផ្សាយនៅថ្ងៃពុធនេះ។ នៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោក Florian បានបង្ហាញក្ដីរំពឹងថាបេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Curevac អាចនឹងទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ ពីសហភាពអឺរ៉ុបនៅត្រឹមត្រីមាសទី៣នេះ ហើយព្យាករថាអាចនឹងផលិតបានវ៉ាក់សាំង ៣០០លានដូសនៅក្នុងឆ្នាំ២០២១នេះ។

ក៏ប៉ុន្តែ លោកបានបន្ថែមថាក្រុមហ៊ុនផលិតវ៉ាក់សាំងនៅក្នុងតំបន់អឺរ៉ុជាច្រើនកំពុងជួបឧបសគ្គធ្ងន់ធ្ងរ ដ្បិតក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងសហរដ្ឋអាមេរិកត្រូវតម្រូវឱ្យធ្វើតាមច្បាប់ Defense Production Act ដែលចាំបាច់ត្រូវតែបំពេញតម្រូវការទីផ្សារនៅក្នុងស្រុកជាមុនសិន។ លោក Florian បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្សែចង្វាក់ផ្គត់ផ្គង់ សកលបានរងការរំខាន...ក្រុមហ៊ុនអាមេរិកទាំងឡាយមានកាតព្វកិច្ចបំពេញតម្រូវការនៅក្នុងស្រុកជាមុន ដែលនេះមានន័យថាយើងកំពុងត្រូវបានគេដកចេញពីបញ្ជី»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Curevac បានចាប់ផ្ដើមហើយនូវការផលិតបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួននៅឯរោងចក្រក្នុងទីក្រុង ធូអេប៊ីហ្គិន (Tuebingen) ប្រទេសអាល្លឺម៉ង់។ វ៉ាក់សាំងក្រុមហ៊ុនមួយនេះផលិតឡើងតាមបច្ចេកវិទ្យា mRNA៕