(ប៉េកាំង)៖ យោងតាមតួលេខចុងក្រោយបង្អស់ដែលចេញផ្សាយដោយក្រុមការងារពិសេស នៃក្រុមប្រឹក្សារដ្ឋចិនដើម្បីប្រយុទ្ធប្រាំងនឹងជំងឺ COVID-19 បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ១៤២.៨០លានដូសហើយ ដែលត្រូវបានផ្តល់ជូនប្រជាជនចិននៅទូទាំងប្រទេសគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៦ ខែមេសាឆ្នាំ២០២១។

ចិនត្រូវបានគេមើលឃើញថា បានបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ដោយវ៉ាក់សាំងជាង ០៦លានដូសត្រូវបានប្រើប្រាស់ក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ខណៈដែលការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងវិស័យផលិតវ៉ាក់សាំងនៅក្នុងប្រទេសក៏បានរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕