(ប៉ារីស)៖ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប នឹងមានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួនភាគច្រើន នៅត្រឹមចុងខែមិថុនាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

សារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា ប្រទេសអាល្លឺម៉ង់ បារាំង អ៉ីតាលី អេស្ប៉ាញ និងហូឡង់ នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួនច្រើនជាង ៥៥ភាគរយ នៅត្រឹមខែមិថុនាខាងមុខ។

គណៈកម្មការអឺរ៉ុបក៏ធ្លាប់បានលើកឡើងរួចហើយដែរថា សហភាពអឺរ៉ុបដែលមានប្រជាជនសរុបជិត ៤៥០លាននាក់ នឹងទទួលបានវ៉ាក់សាំង ៣៦០លានដូស នៅចុងខែមិថុនា បន្ថែមពីលើវ៉ាក់សាំង ១០០លានដូសដែលមាននៅក្នុងដៃស្រាប់។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបក៏រំពឹងដែរថា ពួកគេនឹងទទួលបានវ៉ាក់សាំង ចាក់តែម្ដងរបស់ក្រុមហ៊ុន Johnson & Johnson ចំនួន ៥៥លានដូស ខណៈវ៉ាក់សាំង ៣០០លានដូសផ្សេងទៀតពីក្រុមហ៊ុន Pfizer-BioNTech, AstraZeneca និងក្រុមហ៊ុន Moderna នឹងត្រូវទទួលបាននៅចន្លោះខែមេសា ដល់ខែមិថុនា៕