(ប៉េកាំង)៖ «ហ្សែនមួយអាចសង្គ្រោះប្រទេសមួយ គ្រាប់ពូជមួយគ្រាប់អាចផ្តល់ ផលប្រយោជន៍ដល់ជីវិតរាប់មិនអស់»។ លោក ជុង យ៉ាង (Zhong Yang) សាស្ត្រាចារ្យជីវវិទ្យានៃសកលវិទ្យាល័យហ្វូតាន (Fudan University) របស់ប្រទេសចិន តែងតែលើកឡើងបែបនេះ កាលពីលោកនៅមានជីវិត។

តំបន់ខ្ពង់រាប Qinghai-Xizang ដ៏ធំល្វឹងល្វើយ ត្រូវគេសម្គាល់ថាជា «តំបន់ហាមឃាត់» នៃការរុករករុក្ខជាតិ។ អ្វីដែលលោក ជុង យ៉ាង ធ្វើគឺបូកសរុបប្រភេទរុក្ខជាតិនៅក្នុងតំបន់ខ្ពង់រាប Qinghai-Xizang។ ក្នុងអំឡុងពេល ១៦ឆ្នាំ លោក ជុង យ៉ាង បាននាំសិស្សរបស់ខ្លួនខិតខំ ធ្វើដំណើរចម្ងាយជាង ៥សែនគីឡូម៉ែត្រ ប្រមូលបានគ្រាប់ពូជនៃរុក្ខជាតិជាង១០០០ប្រភេទ ចំនួនជាង ៤០លានគ្រាប់។ បច្ចុប្បន្ននេះ គ្រាប់ពូជទាំងនេះ កំពុងស្តុកនៅក្នុងឃ្លាំងទឹកកក ដែលនឹងរីកលូតលាស់នៅចន្លោះ ពី៨០ទៅ១២០ឆ្នាំក្រោយ។

យប់មួយនាឆ្នាំ២០១៦ នៅក្រុងឡាសា ភូមិភាគស៊ីហ្សាំង។ ដូចពេលធម្មតា លោក ជុង យ៉ាង បានលេបថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម រួចហើយបានបើកកំព្យូរទ័រចាប់ផ្តើមសរសេរលិខិត ស្នើសុំទៅតំបន់ស៊ីហ្សាំង ដោយស្មគ្រចិត្តជាលើកទីបី។

លោកយល់ឃើញថា តំបន់នោះត្រូវការជាចាំបាច់នូវបុគ្គលិកការអប់រំផ្នែកជីវវិទ្យា។ ការខិតខំធ្វើការនៅតំបន់ខ្ពង់រាបជាយូរខែ យូរឆ្នាំ បានប៉ះពាល់ខ្លាំងដល់សុខភាពរបស់លោក ជុង យ៉ាង។ នាថ្ងៃទី២ខែឧសភា ឆ្នាំ២០១៥ លោកស្រាប់តែកើត ជំងឺហូរឈាមក្នុងខួរក្បាល។ ចេញពីបន្ទប់ ICU មិនដល់កន្លះឆ្នាំផង ក៏លោកបានលួចទៅស៊ីហ្សាំងធ្វើការទៀត។

លោកបាននិយាយជាមួយភរិយាថា៖ «ទោះបីខ្ញុំមិននៅ កូនសិស្សក៏នឹងបន្តធ្វើការស្រាវជា្រវទៀត។ ខ្ញុំចង់បណ្តុះបណ្តាល ក្រុមបណ្ឌិតជា ធនធានមនុស្សជំនាញខ្ពស់ សម្រាប់ការងារអភិវឌ្ឍស៊ីហ្សាំង»។ ក្រោមការជំរុញរបស់លោក សកលវិទ្យាល័យស៊ីហ្សាំង បានបង្កើតកំណត់ត្រាទីមួយជាច្រើន ជាពិសេសការស្រាវជ្រាវជីវចម្រុះ ដែលល្បីឈ្មោះលើឆាកអន្តរជាតិ។

នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ពេលជិះឡានធ្វើដំណើរទៅបណ្តុះបណ្តាល មន្ត្រីមកពីតំបន់ជនជាតិភាគតិច លោក ជុង យ៉ាង បានរងគ្រោះថ្នាក់ចរាចរណ៍ ហើយជីវិតបានលោកបានបញ្ចប់ ក្នុងអាយុ៥៣ឆ្នាំ។ សំឡេងរបស់លោកនៅតែស្ថិតនៅ ក្បែរត្រចៀករបស់អ្នកទាំងឡាយ៖ «មិនថាជីវិតណាមួយក៏ដោយ ក៏នឹងត្រូវបញ្ចប់នៅថ្ងៃណាមួយ ក៏ប៉ុន្តែខ្ញុំមិនដែលភ័យខ្លាចទេ។ សិស្សរបស់ខ្ញុំនឹងបន្តពង្រីកមាគ៌ាវិទ្យាសាស្ត្រ ចំណែកគ្រាប់ពូជ ដែលយើងខ្ញុំបានប្រមូលទុក នឹងលូតលាសនៅថ្ងៃណាមួយនៅរាប់រយឆ្នាំក្រោយ ចាំដល់ពេលនោះ មិនដឹងថានឹងអាចជួយ មនុស្សចំនួនប៉ុន្មានឱ្យសម្រេចក្តីសុបិន»

ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន