(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) ប្រកាសថា ខ្លួនបានសម្រេចចិត្តដាក់ឱ្យយន្ដហោះ Boeing 777 ដែលប្រើប្រាស់ម៉ាស៊ីន Pratt & Whitney ឬ P&W ចំនួន ១៣គ្រឿង ចូលនិវត្តន៍មួយឆ្នាំមុនការគ្រោងទុក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានគូសបញ្ជាក់ដូច្នេះថា៖ «JAL បានសម្រេចចិត្ត ពន្លឿនការដាក់ឱ្យយន្ដហោះ Boeing 777 ដែលប្រើប្រាស់ម៉ាស៊ីន P&W ចូលនិវត្តន៍នៅត្រឹមខែមីនា ឆ្នាំ២០២១ ពោលគឺមុនកាលកំណត់មួយឆ្នាំដែលបានគ្រោង ទុកនៅខែមីនា ឆ្នាំ២០២២»

គួរបញ្ជាក់ថា ការសម្រេចរបស់ក្រុមហ៊ុន Japan Airlines ធ្វើឡើងបន្ទាប់ពីយន្ដហោះ Boeing 777 ដែលប្រើប្រាស់ម៉ាស៊ីន P&W របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្ទុះឆេះម៉ាស៊ីនផ្នែកខាងស្តាំ និងបានចុះចតដោយជោគជ័យ នៅឯអាកាសយានដ្ឋានអន្តរជាតិ ឌែនវើ (Denver International Airport) កាលពីខែកុម្ភៈកន្លងទៅ។ ម៉ាស៊ីន P&W នេះត្រូវបានគេរាយការណ៍មានបំពាក់លើយន្ដហោះមួយចំនួនតូចប៉ុណ្ណោះរបស់ ក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន JAL, United Airlines, ANA, Korean Air Lines, Asiana Airlines និងក្រុមហ៊ុន Jin Airជាដើម៕