(សេអ៊ូល)៖ ក្រសួងកីឡាកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅក្នុងឆ្នាំ២០២១នេះឡើយ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លង COVID-19 ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃ២៥ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីកីឡា លោក Kim Il Guk។ ក្រសួងកូរ៉េខាងជើងមិនបានឱ្យដឹងអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា៖ «គណៈកម្មាធិការបានសម្រេចចិត្តថានឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូលើកទី៣២នោះទេ ដើម្បីការពារអត្តពលិកពីវិបត្តិសុខាភិបាល សកលដែលបង្កឡើងដោយ COVID-19 »

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ ក្រសួងកីឡាកូរ៉េខាងជើងក៏បានពិភាក្សាគ្នាផងដែរពីការអភិវឌ្ឍសមត្ថភាពអត្តពលិកដើម្បីទទួលបានមេដាយកាន់តែច្រើន នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាសាធារណៈនៅរយៈពេល៥ឆ្នាំខាងមុខ៕