(វៀតណាម)៖ នៅក្នុងសម័យប្រជុំសភាជាតិរបស់វៀតណាម ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ បានសម្រេចជ្រើសតាំងលោក ផាម មិញជិញ (Pham Minh Chinh) ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីមុនគឺលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ត្រូវបានជ្រើសតាំងឲ្យឡើងធ្វើជាប្រធានាធិបតី។

អ្នកនយោបាយវៀតណាមដ៏មានឥទ្ធិពលរូបនេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ដើម្បីកាន់តំណែងរយៈពេល ០៥ឆ្នាំ។ នាយករដ្ឋមន្ត្រីថ្មីរូបនេះ ត្រូវបានគេមើលឃើញថា នឹងព្យាយាមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត បើទោះបីជាពិភពលោកទាំងមូល កំពុងរងការរាតត្បាតដោយជំងឺ COVID-19 ក៏ដោយ។

* តើលោកនាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម គឺជានរណា?
លោក ផាម មិញជិញ កើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៥៨ នៅឃុំ Hoa Loc ស្រុក Hau Loc ខេត្ត Thanh Hoa ។

* តួនាទីសំខាន់ៗ
- សមាជិក នៃការិយាល័យនយោបាយ (Political Bureau) អាណត្តិទី១២ និងអាណត្តិទី១៣
- លេខាធិការ នៃគណៈកម្មាធិការមជ្ឈិមគណបក្ស (Party Central Committee) អាណត្តិទី១២
- សមាជិក នៃគណៈកម្មការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១១ អាណត្តិទី១២ និងអាណត្តិទី១៣
- ប្រធាន នៃគណៈកម្មការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១២
- អនុប្រធាន សភាជាតិ អាណត្តិទី១៤។

* ប្រវត្តិការងារ
- ឆ្នាំ១៩៨៤៖ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ នៅអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ សេដ្ឋកិច្ច ការស្រាវជ្រាវបច្ចេកវិទ្យា របស់ក្រសួងគេហកិច្ច (Home Affairs)
- ឆ្នាំ១៩៨៩៖ លេខាធិការដំបូងបង្អស់ របស់ស្ថានទូតវៀតណាមប្រចាំប្រទេសរ៉ូម៉ានី
- ឆ្នាំ១៩៩៦៖ ចូលធ្វើការនៅក្រសួងសន្តិសុខសាធារណៈ
- ឆ្នាំ២០០០៖ ការពារនិក្ខេបទបណ្ឌិត
- ឆ្នាំ២០០៦៖ ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទូទៅ របស់ក្រសួងសន្តិសុខសាធារណៈ, អ្នកជំនាញជាន់ខ្ពស់ នៅការិយាល័យរដ្ឋាភិបាល និងជាសាស្ត្រាចារ្យកម្រិតសាកលវិទ្យាល័យ
- ខែមេសា ឆ្នាំ២០០៧៖ ត្រូវបានតម្លើងឋានៈជាឧត្តមសេនីយ៍ទោ (Major General)
- ខែធ្នូ ឆ្នាំ២០០៩៖ ទទួលបន្ទុកផ្នែកភ័ស្តុភារ - វិស្វកម្ម នៃអគ្គនាយកដ្ឋានទូទៅ របស់ក្រសួងសន្តិសុខសាធារណៈ
- ខែកុម្ភៈ ឆ្នាំ២០១០៖ ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូទៅ ផ្នែកភ័ស្តុភារ - វិស្វកម្ម របស់ក្រសួងសន្តិសុខសាធារណៈ
- ខែមីនា ឆ្នាំ២០១០៖ ត្រូវបានផ្តល់ងារជាសាស្ត្រាចារ្យផ្នែកច្បាប់
- ខែកក្កដា ឆ្នាំ២០១០៖ ត្រូវបានតម្លើងឋានៈជាឧត្តមសេនីយ៍ឯក (Lieutenant General)
- ខែសីហា ឆ្នាំ២០១០៖ អនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណៈ
- ខែមករា ឆ្នាំ២០១១៖ ជាសមាជិក នៃគណៈកម្មាធិការមជ្ឈិមបក្ស ទី១១
- ខែសីហា ឆ្នាំ២០១១ ដល់ខែមេសា ឆ្នាំ២០១៥៖ សមាជិក នៃគណៈកម្មាធិការបក្ស, ក្រុមប្រឹក្សាអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាលេខាធិការនៃគណៈកម្មាធិការបក្ស ទី១៣ នៃខេត្ត Quang Ninh សម្រាប់អាណត្តិ ២០១០-២០១៥ ក្រោមកិច្ចការរបស់ការិយាល័យនយោបាយ
- ខែមេសា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៦៖ អនុប្រធាន នៃគណៈកម្មការរៀបចំមជ្ឈិមបក្ស ក្រោមកិច្ចការរបស់ការិយាល័យនយោបាយ
- ខែមករា ឆ្នាំ២០១៦៖ ត្រូវបានជាប់ឆ្នោតជា គណៈកម្មាធិការមជ្ឈិមបក្ស ទី១២ ក្នុងសន្និបាតគណបក្សថ្នាក់ជាតិ, និងត្រូវបានជាប់ឆ្នោត ជាមន្ត្រីក្នុងការិយាល័យនយោបាយ ក្នុងសម័យប្រជុំគណៈកម្មាធិការមជ្ឈិមបក្ស ទី១២
- ខែកុម្ភៈ ឆ្នាំ២០១៦៖ ត្រូវបានចាត់តាំងដោយការិយាល័យនយោបាយ ឲ្យក្លាយជាសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការរៀបចំ របស់គណៈកម្មាធិការមជ្ឈិមបក្ស
- ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១៖ ត្រូវបានជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការមជ្ឈិមបក្ស ទី១៣ សម្រាប់អាណត្តិ ២០២១-២០២៦ ក្នុងសន្និបាតបក្សថ្នាក់ជាតិ
- ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១៖ ត្រូវបានជាប់ឆ្នោតជាសមាជិក នៃការិយាល័យនយោបាយ សម្រាប់អាណត្តិ ២០២១-២០២៦ ក្នុងសន្និបាតទូទៅដំបូង នៃគណៈកម្មាធិការមជ្ឈិមបក្ស ទី១៣៕