(ស៊ូដង់)៖ គណៈកម្មាធិការគ្រូពេទ្យស៊ូដង់បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់បាត់បង់ជីវិត និង ៥៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយកងជីវពលប្រដាប់អាវុធ នៅទីក្រុង El Geneina ដែលជារដ្ឋធានី នៃរដ្ឋ West Darfur របស់ប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

គណៈកម្មាធិការបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «យើងអាចរាប់ឃើញថា មានអ្នកស្លាប់ចំនួន១៨នាក់ និង ៥៤នាក់បានរងរបួស...គិតចាប់តាំងពីថ្ងៃអាទិត្យ(ទី០៤ ខែមេសា)។ ការវះកាត់ត្រូវបានធ្វើលើមនុស្សចំនួន ១០នាក់ ខណៈដែលមន្ទីរពេទ្យនៅតែទទួលបានជនរងគ្រោះបន្ថែមទៀត»

របាយការណ៍បានគូសបញ្ជាក់ថា អំពើហិង្សានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍(ទី០៣ ខែមេសា) និងបានកើនឡើងខ្លាំងនៅថ្ងៃអាទិត្យ ដោយបន្ថែមថាការវាយប្រហារនៅតែបន្តកើតមានឡើង។

គណៈកម្មាធិការដដែលនេះបានជំរុញឲ្យរដ្ឋាភិបាលកណ្តាលធ្វើអន្តរាគមន៍ ដើម្បីបញ្ចប់ភាពចលាចលផ្នែកសន្តិសុខនៅក្នុងទីក្រុង ក៏ដូចជាបានអំពាវនាវឲ្យមានការការពារមណ្ឌលសុខភាព និងបុគ្គលិកពេទ្យដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ៕