(តេហេរ៉ង់)៖ រដ្ឋបាលចំណីអាហារនិងឪសថអ៊ឺរ៉ង់ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបម្រុងទុកសម្រាប់ប្រទេសអ៉ីរ៉ង់ ក្រោមកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក បានទៅដល់ប្រទេសអ៊ីរ៉ង់ហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សំដីអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក Kianoush Jahanpour ដោយគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ចំនួនជាង ៧០០,០០០ដូស ត្រូវបានដឹកមកដល់ប្រទេសអ៉ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន។

លោក Jahanpour បាននិយាយថា កូតារបស់ប្រទេសអ៉ីរ៉ង់ក្រោមកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក មានចំនួន ១៦.៨លានដូស។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់បានទទួលវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ៥២០,០០០ ដូស ហើយគ្រោងនឹងផលិតវ៉ាក់សាំងក្នុងស្រុកនៅប៉ុន្មានខែខាងមុខនេះ។

ក្នុងពេលជាមួយគ្នានេះដែរប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី (Hassan Rouhani) បានស្តីបន្ទោសទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការរាំងស្ទះលទ្ធភាពនៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនអ៊ីរ៉ង់។

លោក Rouhani បានបន្ថែមថា រដ្ឋបាលរបស់លោកបានអនុញ្ញាតឲ្យវិស័យឯកជននាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយប្រើប្រាស់ប្រាក់ឧបត្ថម្ភបរទេស និងក្រោមការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាល និងការអប់រំវេជ្ជសាស្ត្រ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អ៊ីរ៉ង់បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបជិត ២លានករណី ក្នុងនោះស្លាប់ជាង ៦៣,០០០នាក់៕