(ដាកា)៖ គិតត្រឹមរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ សាកសពមនុស្សចំនួន ២១នាក់បន្ថែមទៀត ត្រូវបានស្រង់ចេញពីទន្លេស៊ីថាឡាកស្យា (Shitalakhsyaa) ដែលបាននាំឲ្យមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនៅបង់ក្លាដែស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កើនឡើងដល់ ២៦នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

សាឡាងមួយគ្រឿងនៅបង់ក្លាដែស ដឹកអ្នកដំណើរប្រមាណ ៥០នាក់ បានបុកជាមួយកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត ហើយបានលិចកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ នៅតាមដងទន្លេស៊ីថាឡាកស្យា ភាគខាងត្បូងរដ្ឋធានីដាកា។ កាលពីព្រឹកថ្ងៃចន្ទនេះ សេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថា មនុស្ស ០៥នាក់ប៉ុណ្ណោះបានស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ហើយក៏មានអ្នកដំណើរមួយចំនួនទៀត បានហែលមកដល់គោកដោយខ្លួនឯងផងដែរ។

មន្រ្តីប៉ូលិសបង់ក្លាដែសបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើបានកើតឡើង នៅពេលដែលសាឡាងមួយគ្រឿងនោះ បានចាកចេញពីស្រុកណារ៉ាងហ្គាន (Narayanganj) ស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុងដាកា ដើម្បីឆ្ពោះទៅស្រុក ម៉ានស៊ីហ្គាន (Munshiganj)។ ប្រតិបត្តិការរុករកកំពុងបន្តប្រព្រឹត្តទៅនៅឡើយ ដោយសារមនុស្សមួយចំនួនទៀតបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា សាឡាងដែលជួបឧបទ្ទវហេតុ គឺផ្ទុកទៅដោយប្រជាជនដែលប្រញាប់ប្រញាល់ ធ្វើដំណើរចេញទៅកាន់ស្រុកកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលបង់ក្លាដែស បានប្រកាសពីវិធានការបិទខ្ទប់ប្រទេសរយៈពេល ០១សប្តាហ៍ ដែលត្រូវចាប់អនុវត្តពីថ្ងៃចន្ទនេះទៅ ដើម្បីទប់ស្កាត់កំណើននៃករណីឆ្លងជំងឺ COVID-19 ដែលបានលោតឡើងដល់ជាង ៧ពាន់នាក់ ក្នុងមួយថ្ងៃកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕