(សៅប៉ូឡូ)៖ រដ្ឋមន្ត្រីបរិស្ថាននៃប្រទេសប្រេស៊ីលបាននិយាយថា ប្រទេសរបស់លោកត្រូវការជំនួយពីបរទេស ក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ សរុបជាង១ពាន់លានដុល្លារអាមេរិក ដើម្បីជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន (Amazon) ឲ្យបានចន្លោះពី ៣០-៤០ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

លោក រីខាដូ សលស៍ (Ricardo Salles) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក (O Estado de Sao Paulo) ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅក្នុងតំបន់)។ លោក Ricardo Salles បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផែនការនេះត្រូវការកញ្ចប់ថវិកា ១ពាន់លានដុល្លារសម្រាប់រយៈពេល ១២ខែ... ហើយប្រសិនបើយើងមានធនធានទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ នោះយើងអាចកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ បានចន្លោះពី ៣០-៤០ភាគរយនៅក្នុងរយៈពេល១២ខែ»។ រដ្ឋមន្ត្រីបរិស្ថានប្រេស៊ីលរូបនេះ បានបន្ថែមទៀតថា លោកបានស្នើសុំជំនួយពីសហរដ្ឋអាមេរិក ហើយក៏បានស្នើសុំពីប្រទេសន័រវែសផងដែរ ប្រសិនបើពួកគេចង់សហការ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) បានទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញភាពបរាជ័យក្នុងការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូន។ លោក Bolsonaro ធ្លាប់បានប្រកាសថា លោកពេញចិត្តក្នុងការធ្វើអាជីវកម្ម ដើម្បីទាញយកប្រយោជន៍សេដ្ឋកិច្ច ជាជាងការពារព្រៃឈើទាំងនោះ តែទន្ទឹមគ្នាលោកក៏បានដាក់ពង្រាយកងទ័ព ឱ្យដោះស្រាយបញ្ហានេះដែរ ដោយទទួលបានជោគជ័យតិចតួចតែប៉ុណ្ណោះ៕