(ការ៉ាឈី)៖ ប្រជាជនប៉ាគីស្ថានរាប់ពាន់នាក់បាននាំគ្នាសម្រុកចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានដាក់លក់នៅលើទីផ្សារកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯទីក្រុងការ៉ាឈី (Karachi)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

រដ្ឋាភិបាលប៉ាគីស្ថានបានផ្ដល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលជួរមុខ និងប្រជាជនដែលមានអាយុ៥០ឆ្នាំឡើង។ ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំង នេះមានភាពយឺតយ៉ាវ ម្លោះហើយទើបរដ្ឋាភិបាលសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុក។ នៅក្នុងជុំទី១ វ៉ាក់សាំង COVID-19 រុស្ស៊ី Sputnik V ត្រូវដាក់លក់ក្នុងតម្លៃ ៨០ដុល្លារនៃកញ្ចប់វ៉ាក់សាំង២ដូស ហើយអ្នកដែលបានទិញវ៉ាក់សាំងនេះភាគច្រើនជាយុវជនដែលមិនស្ថិតនៅក្នុង អាទិភាពទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ប៉ាគីស្ថានបច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ចំនួន ៦៨៧,៩០៨នាក់ ក្នុងនោះស្លាប់ ១៤,៧៧៨នាក់ និងជាសះស្បើយឡើងវិញ ៦១៣,០៥៨នាក់៕