(ហាណូយ)៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា សមាជិកគ្រួសារចំនួន ០៤នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យឆេះផ្ទះមួយខ្នង នៅរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះបានឆាបឆេះនៅផ្ទះលក់ផលិតផលក្មេងតូចមួយកន្លែង នៅសង្កាត់ដុងដា( Dong Da) នៃទីក្រុងហាណូយ នាវេលាម៉ោងប្រហែល ១១យប់ថ្ងៃសៅរ៍ និងត្រូវបានពន្លត់រហូតដល់ម៉ោង ០៨ព្រឹកថ្ងៃអាទិត្យ។

សារព័ត៌មានក្នុងស្រុក VnExpress បានរាយការណ៍ថា ជនរងគ្រោះរួមមានបុរសអាយុ ៨១ឆ្នាំម្នាក់ ស្ត្រីមានផ្ទៃពោះវ័យ ៤០ឆ្នាំ បុរសជាប្តីវ័យ ៣៨ឆ្នាំ និងកូនស្រីអាយុ ១០ឆ្នាំ។

គួរបញ្ជាក់ថា បើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសបានឲ្យដឹងថា នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះគ្រោះអគ្គិភ័យ និងការផ្ទុះសរុបចំនួន ៦២៦ដងបានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស ២១នាក់ និងបង្កការខាតបង់ទ្រព្យសម្បត្តិប្រមាណ ១៦១.២ពាន់លានដុងវៀតណាម ឬស្មើប្រមាណ៧លានដុល្លារអាមេរិក៕