(ហ្សាការតា)៖ យ៉ាងហោចណាស់មនុស្ស ៤៤នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទឹកជំនន់និងគ្រោះបាក់ដីបានវាយប្រហារទៅលើខេត្តភាគខាងកើត នៃប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

ប៉ុន្មានម៉ោងមុនពេលដែលមនុស្សភ្ញាក់ឡើង ដើម្បីអបអរបុណ្យ Easter នៅថ្ងៃអាទិត្យនេះ មានភ្លៀងធ្លាក់ខ្លាំងៗបានបង្កជាទឹកជំនន់យ៉ាងខ្លាំងនៅលើកោះ Flores ដែលភាគច្រើនមានប្រជាជនកាន់សាសនាកាតូលិក។

អាជ្ញាធរបានគូសបញ្ជាក់ថា ផ្ទះជាច្រើនត្រូវបានជន់លិចដោយភក់ ខណៈស្ពាននិងផ្លូវថ្នល់ត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីនៅចុងខាងកើតនៃកោះ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីបានប្រាប់ទីភ្នាក់ងារ AFP ថា «មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤៤នាក់ និង០៩នាក់បានរងរបួស នៅភាគខាងកើតកោះ Flores…ខណៈមនុស្សជាច្រើនទៀតកំពុងស្ថិតនៅក្រោមភក់នៅឡើយ»