(តៃប៉ិ)៖ អ្នកនាំពាក្យរដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីដឹកជញ្ជូនតៃវ៉ាន់លោក លីន ជាលុង (Lin Chia-lung) បានស្នើសុំលាលែងពីតំណែង ក្រោយពីមានករណីគ្រោះថ្នាក់រថភ្លើង ដែលបានផ្តាច់ជីវិតមនុស្សរាប់សិបនាក់ កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

ក្នុងកិច្ទសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃសៅរ៍ម្សិលមិញ លោក Lin បានប្រាប់នាយករដ្ឋមន្រ្តីតៃវ៉ាន់ ស៊ូ ត្សេងឆាង ( Su Tseng-chang) ថា លោកចង់ស្នើសុំលាលែងពីតួនាទី ដើម្បីបង្ហាញភាពទទួលខុសត្រូវ សម្រាប់គ្រោះថ្នាក់រថភ្លើងនៅភាគខាងកើតតៃវ៉ាន់ ដែលបានបណ្តាលឲ្យមនុស្ស៥១នាក់ស្លាប់ និងរបួសប្រមាណជា២០០នាក់។

ប៉ុន្តែលោក Su បានឆ្លើយតបវិញថា អ្វីដែលត្រូវផ្តោតសំខាន់នាពេលនេះ គឺកិច្ចប្រឹងប្រែងជួសជុលខ្សែរថភ្លើង ដែលរងការខូចខាតកំឡុងគ្រោះថ្នាក់ ហើយវាក៏ជាវិធីមួយដើម្បីបង្ហាញការទទួលខុសត្រូវផងដែរ ដូច្នេះលោកនាយករដ្ឋមន្រ្តីតៃវ៉ាន់ បានសម្រេចមិនទាន់និយាយ ពីរឿងលាលែងពីតំណែងរបស់លោក Lin ទេ។ នៅថ្ងៃអាទិត្យនេះ ថ្លែងចេញពីកន្លែងកើតហេតុ លោក Lin បានប្តេជ្ញាថានឹងមិនគេចពីការទទួលខុសត្រូវឡើយ បើទោះបីជាសំណើលាលែងពីតំណែង ត្រូវបានបដិសេធក៏ដោយ ប៉ុន្តែឥឡូវលោកនឹងផ្តោតដឹកនាំកិច្ចការងារស្តារ និងជួសជុលសិន។

គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ នៅពេលរថភ្លើងមួយខ្សែដឹកមនុស្សប្រហែល៥០០នាក់ បានបុករថយន្តស្ទូចមួយគ្រឿង នៅក្បែរច្រករូងក្រោមដីមួយកន្លែង ក្នុងទីក្រុងហ័រលៀន (Hualien) ហើយបណ្តាលឲ្យទូររថភ្លើង០៥កំណាត់ដំបូង ខ្ទាតចេញពីលើផ្លូវ រួចទៅបុកនឹងជញ្ជាំងនៃរូងក្រោមដីនោះ៕