(រ៉ង់ហ្គូន)៖ ក្រុមឧទ្ទាមធំៗចំនួន១០ក្រុម នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាចុងសប្តាហ៍នេះ បានប្រកាសផ្តល់ការគាំទ្រចំពោះចលនាបាតុកម្ម ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភកាន់តែខ្លាំងថែមទៀតថា ជម្លោះទ្រង់ទ្រាយធំអាចផ្ទុះឡើង នៅក្នុងប្រទេសអាស៊ានមួយនេះ ដែល ធ្លាប់មានប្រវត្តិស្រាប់ នៃការប្រយុទ្ធគ្នាដ៏អូសបន្លាយរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគិតិច។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

ក្រុមឃ្លាំងមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានអះអាងថា មនុស្សច្រើនជាង៥៥០នាក់ហើយត្រូវបានសម្លាប់ ដោយសារការបង្រ្កាប់របស់ យោធាលើក្រុមបាតុករ។ ប្រការនេះបានបង្កឲ្យមានការខឹងសម្បារពីសំណាក់ក្រុមជនជាតិភាគតិច ហើយនិងកងជីវពលរបស់ពួកគេ ប្រមាណជា២០ក្រុមធំៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនត្រួតត្រាតំបន់តាមព្រំដែន។

កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមឧទ្ទាមទាំងនេះចំនួន១០ បានជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីជជែកអំពីស្ថានការណ៍វឹកវរនៅមីយ៉ាន់ម៉ា ហើយក៏បានថ្កោលទោសចំពោះ មធ្យោបាយបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា ដែលបានប្រើប្រាស់គ្រាប់កាំភ្លើងពិតលើក្រុមបាតុករ ព្រមទាំងបាននិយាយថា ពួកគេឈរជាមួយប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងទាមទារឲ្យបញ្ចប់របបយោធា។

ក្រុមឧទ្ទាមទាំង១០ខាងលើ គឺជាក្រុមហត្ថលេខី ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាធំមួយ ដែលសម្រេចបានដោយរដ្ឋាភិបាលរបស់ លោកស្រី អោង សាន ស៊ូ ជី។ ប៉ុន្តែឥឡូវពួកគេបានលើកឡើងថា អាចនឹងធ្វើការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន បេសកជនពិសេសរបស់ អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បានព្រមានក្រុមប្រឹក្សាសន្តិសុខ UN អំពីហានិភ័យនៃការផ្ទុះឡើងនូវសង្រ្គាមស៉ីវិលទ្រង់ទ្រាយធំ និងការបង្ហូរឈាមដ៏ខ្លាំងក្លា នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕