(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសឲ្យដឹងថា ប្រជាជនខ្លួនជាង៣១លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុបជាង៦៦លាននាក់ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងនោះ០៥លាននាក់ ទទួលបានការចាក់គ្រប់ពីរដូស ដែលហាក់លឿនជាងគេបង្អស់នៅតំបន់អឺរ៉ុប។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

ទិន្នន័យផ្លូវការពីក្រសួងសុខាភិបាលអង់គ្លេសបានបង្ហាញថា មនុស្សសរុបចំនួន៣១,៣០១,២៦៧នាក់ បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរបស់ពួកគេ ដោយនៅក្នុងចំណោមនោះមាន០៥លាននាក់ ត្រូវបានចាក់គ្រប់ពីរដូសតែម្តង។ ប្រការនេះធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅចក្រភពអង់គ្លេស ត្រូវចាត់ទុកជា យុទ្ធនាការដែលមានល្បឿនលឿនជាងគេបង្អស់ ប្រចាំនៅតំបន់អឺរ៉ុប។

រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា ប្រទេសខ្លួននឹងអាចសម្រេចគោលដៅបាន នៃការចាក់វ៉ាក់សាំងជូន អ្នកដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅទាំងអស់ នៅពាក់កណ្តាលខែមេសានេះ និងជូនមនុស្សពេញវ័យទាំងអស់ នៅខែកក្កដាខាងមុខ។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលអង់គ្លេសបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗចំនួន ៣,៤២៣នាក់ គឺលើសពីមួយថ្ងៃមុនបន្តិចប៉ុណ្ណោះ ដែលមានចំនួន៣,៤០២នាក់ ហើយមិនដូចប្រទេសអឺរ៉ុបដទៃទៀត ដូចជាបារាំងនិងអាល្លឺម៉ង់ ដែលកំពុងតែព្យាយាមទប់ទល់រលកទីបី នៃការឆ្លងរាលដាលឡើយ គឺស្ថានការណ៍នៅក្នុងចក្រភពអង់គ្លេស បានអន់ថយគួរឲ្យកត់សម្គាល់៕