(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមមរណៈទុក្ខចំពោះជនរួមជាតិ ដែលបានបាត់បង់ជីវិតនៅក្នុងករណី រថភ្លើងក្រឡាច់ចេញផ្លូវ ក្នុងផ្លូវរូងក្រោមដីមួយកន្លែងនៅកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក ស៊ី ជិនពីង ក្នុងនាមជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏បានបង្ហាញក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះឧប្បដិហេតុដ៏អកុសល ដែលបានបង្កឲ្យមនុស្សស្លាប់ និងរបួសជាច្រើនអ្នកនេះផងដែរ។ លោក ស៊ី ជិនពីង បានផ្ញើការរំលែកទុក្ខនេះ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងជូនពរឲ្យអ្នកដែលរងរបួស ឲ្យឆាប់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់តាមអាជ្ញាធរកោះតៃវ៉ាន់ឲ្យដឹងថា រថភ្លើងមួយខ្សែដឹកមនុស្សជិត ៥០០នាក់ មានគោលដៅធ្វើដំណើរចេញពីទីក្រុងតៃប៉ិ ឆ្ពោះទៅកាន់ទីក្រុងតៃតាំង (Taitung) បានធ្លាក់ចេញពីផ្លូវក្នុងរូងក្រោមដីមួយកន្លែង ពេលធ្វើដំណើរជិតដល់ទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ។ ក្រោយការហេតុការណ៍កើតឡើង មនុស្សសរុប ៥០នាក់បានបាត់បង់ជីវិត និងរាប់រយអ្នករងរបួស ខណៈរដ្ឋាភិបាលតៃវ៉ាន់ក៏បានប្រកាសកាន់ទុក្ខ រយៈពេលបីថ្ងៃនៅទូទាំងកោះនេះផងដែរ ចាប់ពីថ្ងៃសៅរ៍នេះតទៅ៕