(សេអ៊ូល)៖ ចិន និងកូរ៉េខាងត្បូងបានសន្យាថានឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចប្រជុំមួយរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេស ទាំង២ នៅថ្ងៃសៅរ៍ ទី៣ ខែមេសានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់

នៅក្រោយកិច្ចប្រជុំនៅឯទីក្រុងប៉េកាំង ដែលធ្វើឡើងនាឱកាសនៃការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ជុង អ៊ុយ យ៉ុង (Chung Eui-yong) មកកាន់ប្រទេសចិន ប្រមុខការទូតចិនលោក វ៉ាង យី បាននិយាយថាប្រទេសទាំង២បានឯកភាពលើការលើកកម្ពស់ការដោះស្រាយបញ្ហាតាមយន្ដការ នយោបាយនៅលើតំបន់ឧបទ្វីបកូរ៉េ។

លោក Chung Eui-yong ថ្លែងនាឱកាសនោះក៏បានលើកឡើងដែរថាលោករំពឹងថាចិននឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ «កូរ៉េ និងចិន មានវត្ថុបំណងរួម នោះគឺសំដៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។ នេះជាការគូសបញ្ជាក់របស់លោកប្រមុខការទូត កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចខាងលើ លោក ជុង អ៊ុយ យ៉ុង (Chung Eui-yong) បានក្លាយជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងដំបូងគេបំផុត ដែលបានបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ៕