(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានបង្ហាញឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេសបានកើនឡើងដល់ ១២,៣៩២,២៦០ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៩,១២៩ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ៧១៤នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៦៤,១១០នាក់។

ចំនួនករណីឆ្លង និងស្លាប់ខាងលើនេះ គឺជាចំនួនខ្ពស់បំផុតដែលបានរាយការណ៍នៅក្នុងឆ្នាំ២០២១នេះ។ បច្ចុប្បន្ននេះ នៅមានអ្នកជំងឺសរុបចំនួន៦៥៨,៩០៩នាក់ ទៀត ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺចំនួន ១១,៥៦៩,២៤១នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា ហៅកាត់ ICMR គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌាបានធ្វើតេស្តលើសំណាករកជំងឺ COVID-19 លើប្រជាជនចំនួន ២៤៦,៩៥៩,១៩២នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីប្រជាជនចំនួន ១,០៤៦,៦០៥នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃសុក្រម្សិលមិញនេះ៕