(រ៉ង់ហ្គូន)៖ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចការ៉ែន នៅថ្ងៃទី០៣ ខែមេសានេះបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដោយបន្តបើកការវាយប្រហារតាមផ្លូវអាកាសដែលបង្ខំឱ្យជនស៊ីវិលច្រើនជាង ១២,០០០នាក់ ក្នុងនោះរួមមានទាំងកុមារក្លាយជាជនភៀសខ្លួនចាកចោលភូមិ និងផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

កាលពីខែមីនាកន្លងទៅ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចសម្ព័ន្ធជាតិការ៉ែន (KNU) បានរឹបអូសមូលដ្ឋានយោធាមួយកន្លែងក្នុងរដ្ឋការ៉ែន និងបានសម្លាប់ មន្ត្រីយោធាមីយ៉ាន់ម៉ា១០នាក់។ ជាការសងសឹក យោធាមីយ៉ានម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានជាច្រើនរបស់ប្រដាប់អាវុធការ៉ែន។

KNU នៅថ្ងៃសៅរ៍នេះបានថ្កោលទោសយ៉ាងខ្លាំងលើយោធាមីយ៉ាន់ម៉ា សម្រាប់ការប្រើប្រាស់កម្លាំងជ្រុលហួសហេតុតាមរយៈការបន្តទម្លាក់គ្រាប់បែក និងវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ដែលបានបណ្ដាលឱ្យជនស៊ីវិលជាច្រើនក្នុងនោះមានទាំងកុមារ បានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះការវាយប្រហារនេះក៏បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈជនស៊ីវិលច្រើនជាង១២,០០០នាក់បង្ខំចិត្តរត់គេចចេញពីភូមិ និងផ្ទះសម្បែងរបស់ពួកគេ។

គួរបញ្ជាក់ថា បាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងរបបយោធាដែលកំពុងបង្កើនការបង្រ្កាបលើក្រុមបាតុករតាមដងផ្លូវ និងអ្នករិះគន់ខ្លួននៅបណ្ដាញអ៉ិនធើណិត។ មនុស្សច្រើនជាង៥៥០នាក់ហើយបានស្លាប់ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក រីឯជនស៊ីវិល ៣,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ តែក្នុងចំណោមពួកគេមានភាគច្រើន បានត្រលប់មកមីយ៉ាន់ម៉ាដែលអាជ្ញាធរថៃអះអាងថាធ្វើឡើងដោយស្ម័គ្រចិត្ត៕