(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបាននិយាយថាអ្នកដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ អាចធ្វើដំណើរដោយសេរីនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្ដ ឬការធ្វើចត្តាឡីស័កនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។

លោកស្រី រ៉ូសសែល វ៉ាឡិនស្គី (Rochelle Walensky) ជានាយក CDCអាមេរិកបានឱ្យដឹងថាជាមួយការអនុវត្តវិធានការបង្ការនានាក្នុងនោះ រួមមានទាំងការពាក់ម៉ាសជាដើម អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិកដោយមិនចាំបាច់ឆ្លងកាត់
ការធ្វើតេស្ដ ឬការធ្វើចត្តាឡីស័កឡើយ។

ដោយឡែក ចំពោះការធ្វើដំណើរទៅក្រៅប្រទេស អ្នកបានចាក់ពេញលេញក៏មិនចាំបាច់ធ្វើតេស្ដរក COVID-19 នោះដែរ លើកលែងតែ ប្រទេស ជាគោលដៅធ្វើដំណើរតម្រូវឱ្យធ្វើតេស្ដ ហើយក៏មិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលត្រលប់មកកាន់សហរដ្ឋអាមេរិកវិញនោះដែរ។ ប៉ុន្តែពួកគេត្រូវ មានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 មុននឹងឡើងជិះយន្ដហោះត្រលប់មកកាន់សហរដ្ឋអាមេរិកវិញ ហើយត្រូវធ្វើតេស្ដម្ដងទៀតពី៣ ទៅ៥ថ្ងៃ ក្រោយការត្រឡប់មកដល់របស់ពួកគេ។ តែទោះជាយ៉ាងណា CDC អះអាងថាខ្លួនមិនផ្ដល់អនុសាសន៍ ឬលើកទឹកចិត្តឱ្យប្រជាជនអាមេរិក ធ្វើដំណើរក្នុងកាលៈទេសៈបច្ចុប្បន្ននេះទេ ដោយសារតែករណីឆ្លងនៅតែមានកម្រិតខ្ពស់នៅឡើយ។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) សហរដ្ឋអាមេរិកនឹងមានប្រជាជនលើស១០០នាក់ ដែលបានចាក់ វ៉ាក់សាំងដូសទី១ នៅត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ខណៈមនុស្សច្រើនជាង៥៦លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស៕