(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៩,៩៨៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៣១៤,៦២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៧,៦១០នាក់ និងជាសះស្បើយឡើងសរុប ២៣,៨២៥,៦៣៥នាក់។

គួរបញ្ជាក់តាមមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានអះអាងនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រជាជនអាមេរិកដែលបានទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសហើយនោះ គឺអាចធ្វើដំណើរនៅទូទាំងសហរដ្ឋអាមេរិកបាន ដោយមិនចាំបាច់ត្រូវឆ្លងកាត់ការធ្វើតេស្ត ឬចត្តាឡីស័កនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ CDC នៅតែតម្រូវឲ្យពួកគេពាក់ម៉ាស់ជាប់់ជានិច្ចដដែល នៅពេលធ្វើដំណើរតាមយន្តហោះ រថយន្តក្រុង និងរថភ្លើងជាដើម៕