(តៃប៉ិ)៖ រដ្ឋអាជ្ញាកោះតៃវ៉ាន់កំពុងទាមទារឲ្យមានដីកាចាប់ខ្លួន អ្នកគ្រប់គ្រងការដ្ឋានសំណង់មួយកន្លែង ដែលត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការធ្វេសប្រហែស ជាដើមហេតុបង្កឱ្យមានគ្រោះថ្នាក់ រថភ្លើងរអិលធ្លាក់ចេញផ្លូវដែក ផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៥០នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។

បើតាមអាជ្ញាធរតៃវ៉ាន់ គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅក្នុងរយៈពេលជាង ៧ទសវត្សរ៍មកនេះ បានកើតឡើងបន្ទាប់ពីរថភ្លើងល្បឿនលឿនមួយ ខ្សែបុកជាមួយឡានធុនធ្ងន់មួយគ្រឿង នៅកែ្បរការដ្ឋានសំណង់មួយ ដែលស្ថិតនៅជិតផ្លូវដែក ដែលជាហេតុធ្វើឱ្យរថភ្លើងនេះធ្លាក់ចេញពីផ្លូវដែក។

អ្នកគ្រប់គ្រងការដ្ឋានសាងសង់នេះត្រូវបានគេសង្ស័យថា បានបរាជ័យក្នុងការអនុវត្តបទដ្ឋានសុវត្ថិភាព។ លោកស្រី យូ ស៊ូទ័ន (Yu Hsiu-duan) ជាប្រធានរដ្ឋអាជ្ញានៃទីក្រុង ហ័រលៀន (Hualien) បានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោកស្រី កំពុងស្វែងរកដីកាចាប់ខ្លួនមួយ ហើយបច្ចុប្បន្នបញ្ហាទាំងឡាយកំពុងត្រូវបាន ដោះស្រាយតាមប្រព័ន្ធតុលាការ។

អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរ ចេញពីទីក្រុងតៃប៉ិឆ្ពោះទៅកាន់ទីក្រុងតៃតាំង (Taitung) ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុងរូងក្រោមដីមួយកន្លែង ក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ ខណៈរថភ្លើងខាងលើនេះបានដឹកមនុស្សជិត ៥០០នាក់នៅពេលកើតហេតុ។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន (Tsai Ing-wen) នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Hualien នៅថ្ងៃសៅរ៍នេះ ដើម្បីសួរសុខទុក្ខអ្នករងរបួស ដែលកំំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ រដ្ឋាភិបាលតៃវ៉ាន់ក៏បានបង្គាប់ឱ្យ បង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល ដើម្បីកាន់ទុក្ខដល់អ្នកបាត់បង់ជីវិត សម្រាប់រយៈពេល ០៣ថ្ងៃផងដែរ៕