(ប៉េកាំង)៖ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិននៅថ្ងៃសុក្រនេះបានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះឧបទ្ទវហេតុរថភ្លើងនៅកោះតៃវ៉ាន់ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យចិនលោក Ma Xiaoguang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនដីគោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវឌ្ឍនភាពនៃការជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់រថភ្លើងដ៏គួរឲ្យរន្ធត់។

ទន្ទឹមនឹងនេះ សហព័ន្ធចិនតៃវ៉ាន់ ព្រមទាំងសមាគមទំនាក់ទំនងនៅតាមបណ្តោយច្រកសមុទ្រតៃវ៉ាន់ ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងបានសម្តែងការអាណិតអាសូរដល់អ្នករងរបួសផងដែរ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរមូលដ្ឋាននៃកោះតៃវ៉ាន់ រថភ្លើងមួយគ្រឿងបានរអិលធ្លាក់ផ្លូវរូងក្រោមដីមួយកន្លែង នៅភាគខាងកើតកោះតៃវ៉ាន់នៅព្រឹកថ្ងៃសុក្រនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៤៨នាក់និង ១១៨នាក់ផ្សេងទៀងរងរបួស៕