(វីយែន)៖ សហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃសុក្រនេះថា ភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងជួបប្រជុំគ្នាដោយផ្ទាល់ នៅទីក្រុងវីយែននៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីលទ្ធភាពនៃការដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ និងការទទួលខុសត្រូវរបស់ប្រទេសនេះ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន POLITICO នៅថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញនៅព្រឹកថ្ងៃសុក្រនេះ សហភាពអ៊ឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កិច្ចពិភាក្សាបន្ទាប់មានគោលបំណងដើម្បីកំណត់ឲ្យច្បាស់នូវការដកទណ្ឌកម្ម និងវិធានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ដោយសង្កត់ធ្ងន់ថា ប្លុកនេះនឹងពង្រឹងទំនាក់ទំនងដាច់ដោយឡែក រវាងអ្នកចូលរួមនៃកិច្ចព្រមព្រៀង និងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានព្យាយាមប្រើប្រាស់សហភាពអឺរ៉ុប ក្នុងនាមជាអន្តរការីដើម្បីសម្របសម្រួលជាមួយអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលក្រុងតេអេរ៉ង់បដិសេធការសន្ទនាដោយផ្ទាល់ជាមួយរដ្ឋបាលអាមេរិកលោក ចូ បៃឌិន ស្តីពីការធ្វើឲ្យប្រសើរឡើងវិញនូវកិច្ចព្រមព្រៀង ដែលអតីតប្រធានាធិបតីដូណាល់ ត្រាំ បានបោះបង់ចោល។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឬគេស្គាល់ថា JCPOA កាលពីឆ្នាំ២០១៨ ដោយបានចោទថា ទីក្រុងតេហេរ៉ង់បានបំពាន និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ និងបានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមួយនេះ៕