(ហាណូយ)៖ សភាជាតិវៀតណាម (NA) នៅថ្ងៃសុក្រ ទី០២ ខែមេសានេះបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចមួយដោយបញ្ចប់តំណែងជា នាយករដ្ឋមន្ត្រីរបស់លោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) បន្ទាប់ពីលោកបានកាន់តំណែងនេះអស់រយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។

សេចក្ដីសម្រេចបញ្ចប់តំណែងលោក Nguyen Xuan Phuc ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១១ នៃសភាជាតិវៀតណាមនីតិកាលទី១៤ ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៨ ខែមេសានេះ។ សេចក្ដីសម្រេចនេះទទួលបានការគំាទ្រ ៩២.៩២ភាគរយ ក្នុងចំណោមតំណាងរាស្ត្រ៤៥២រូបដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។

គណបក្សកុម្មយនិស្ដវៀតណាមបានតែងតាំងលោក Nguyen Xuan Phuc ជាបេក្ខភាពប្រធានាធិបតីដើម្បីជំនួសតំណែងលោក ង្វៀន ភូ ជុង (Nguyen Phu Trong)។

គួរបញ្ជាក់ថា លោក Nguyen Xuan Phuc នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាម រហូតដល់ថ្ងៃទី០៥ ខែមេសា ដែលជាថ្ងៃអ្នកបន្តវេនពីរូបលោកនឹងត្រូវបានប្រកាសដោយសភាជាតិវៀតណាម។ លោក Nguyen Xuan Phuc បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាម នៅខែមេសា ឆ្នាំ២០១៦ ហើយការសម្រេចបញ្ចប់តំណែងនេះទៀតសោត បានធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីវៀតណាមកំពុងកាន់អំណាចដំបូងគេ ត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតី៕