(ម៉ូស្គូ)៖ មន្រ្តីគណៈកម្មការសហភាពអ៊ឺរ៉ុបទទួលបន្ទុកការងារ និងសិទ្ធិសង្គម លោក នីកូឡាស់ ឈ្មីត (Nicolas Schmit) នៅថ្ងៃសុក្រនេះ បានប្រាប់សារព័ត៌មាន Sputnik ថា វិបត្តិជំងឺឆ្លងរាតត្បាតបច្ចុប្បន្ននេះ (COVID-19) បានបំផ្លាញការងារប្រហែល៦លានកន្លែង នៅសហភាពអឺរ៉ុប ដែលក្នុងចំណោមនោះ ពាក់កណ្តាលជាការងារដែលជួលបុគ្គលិកក្មេងៗ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

លោក Nicolas Schmit បានគូសបញ្ជាក់ប្រាប់ថា អត្រាអ្នកគ្មានការងារធ្វើនៅអឺរ៉ុប ក្នុងខែមករា ឆ្នាំ២០២១ នេះ បានកើនឡើងដល់ ៧.៣ភាគរយ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ កន្លងទៅនេះ។ លោក Schmit បានលើកឡើងដូច្នេះថា «វិបត្តិ COVID-19 បានធ្វើឱ្យមនុស្សប្រហែល៦លាននាក់ បាត់បង់ការងារធ្វើ។ ជាពិសេសនោះ គឺបុគ្គលិកក្មេងៗ ជាអ្នកដែលទទួលរងគ្រោះខ្លាំងបំផុត ដែលបច្ចុប្បន្ននេះ ពួកគេជិត៣លាននាក់ គឺពុំមានការងារឡើយនោសហភាពអឺរ៉ុប។ ដូច្នេះកាតព្វកិច្ចរបស់រដ្ឋាភិបាលនៅពេលនេះ គឺត្រូវធ្វើឱ្យប្រាកដថា ជំនាន់របស់ពួកគេ មិនត្រូវក្លាយជាជំនាន់ដែលឥតប្រយោជន៍នោះទេ»

ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ គណៈកម្មការអឺរ៉ុបខាងលើ បានបង្កើតកម្មវិធីគាំទ្រការងារយុវជន ដើម្បីជួយបណ្តារដ្ឋជាសមាជិកចាប់ផ្តើមនូវ គម្រោងថ្នាក់ជាតិ ដែលផ្តល់ការងារខ្លីម៉ោង និងចាត់វិធានការផ្សេងៗទៀត ដើម្បីការពារកុំឲ្យមានការបាត់បង់ការងារច្រើនខ្លាំងថែមទៀត។ បើតាមលោក Schmit កាលពីឆ្នាំ២០២០ មនុស្សប្រមាណ៣០លាននាក់ នៅតាមប្រទេសអឺរ៉ុបចំនួន១៨ បានទទួលអត្ថប្រយោជន៍ ពីគម្រោងការមួយនេះ។

គួរបញ្ជាក់ថា ចំណែកឯក្រុមហ៊ុនប្រហែល ១.៥-២.៥លានផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារវិបត្តិ COVID-19 ក៏បានទទួលហិរញ្ញប្បទាន តាមរយៈគម្រោងគាំទ្រដើម្បីកាត់បន្ថយហានិភ័យនៃភាពគ្មានការងារធ្វើ នៅក្នុងលក្ខណៈសង្គ្រោះបន្ទាន់ ហៅកាត់ថា SURE ដែលអនុញ្ញាតឱ្យពួកគេមានលទ្ធភាពរក្សាទុកបុគ្គលិកឲ្យនៅធ្វើការផងដែរ៕