(ប៉េកាំង)៖ ទីក្រុងមួយនៃប្រទេសចិន ដែលទើបរកឃើញចង្កោមឆ្លងរាលដាលថ្មីនៃជំងឺ COVID-19 បានចាប់ផ្តើមយុទ្ធនាការរយៈពេល០៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាជនទាំង៣០០,០០០នាក់ របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានបង្ហាញទិដ្ឋភាពមនុស្សម្នានាំគ្នាតម្រង់ជួរ និងទទួលការចាក់វ៉ាក់សាំង នៅក្នុងទីក្រុង Ruili នៃខេត្ត Yunna ភាគខាងត្បូងប្រទេសចិន ជាប់នឹងមីយ៉ាន់ម៉ា។ នៅទីក្រុង Ruili ករណីឆ្លងថ្មីៗនៃ COVID-19 ត្រូវបានរកឃើញ គិតចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងនោះ១២នាក់ជាជនជាតិចិន និង០៤នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា។ អាជ្ញាធរទីក្រុង Ruili បានបង្គាប់ឲ្យប្រជាជនទាំងអស់ ស្ថិតនៅក្នុងផ្ទះប្រសិនបើមិនចាំបាច់ចេញក្រៅ ព្រមទាំងបិទអាជីវកម្មដែលមិនសំខាន់ និងរឹតបន្តឹងការចេញ-ចូល នៅបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា ចិនបានទប់ស្កាត់ការឆ្លងរាតត្បាត COVID-18 តាមសហគមន៍ស្ទើរតែទាំងស្រុង ហើយតែងតែចេញចំណាត់ការតឹងរ៉ឹងភ្លាមៗ ដើម្បីឆ្លើយតបនៅរាល់ពេលមានលេចឡើងនៃចង្កោមឆ្លងរាលដាលថ្មីៗ។ យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលចិនបានព្យាយាម ចាក់វ៉ាក់សាំងមនុស្សមួយទីក្រុង ដើម្បីឆ្លើយតបនឹងការផ្ទុះករណីឆ្លងថ្មីៗ។ ប៉ុន្តែវាធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលចិន កំពុងផ្តោតបង្កើន ល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន។ គិតមកទល់ឥឡូវ ចិនបានចាកវ៉ាក់សាំងសរុបជាង១២៦លានដូស នៅទូទាំងប្រទេស៕