(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៨ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យ CCSA លោក ថាវីស៊ីព វីសានុយោធីន (Taweesilp Visanuyothin) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៤៥ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន២០ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ១៤ករណីនៅខេត្តសាមុត សាខន (Samut Sakhon), ០៥ករណីនៅខេត្តសាមុត ប្រាកាន (Samut Prakan), ០៣ករណីនៅខេត្ត នុនថាបុរី (Nonthaburi), ០២ករណីនៅខេត្តតាក (Tak) និង ០១ករណីទៀតនៅខេត្តល្អី (Loei)។ ចំណែកឯ ១៣ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញ នៅលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៩៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយ ២៧,៦០៦នាក់៕