(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាការរំសាយអាវុធនុយក្លេអ៊ែរនឹងនៅតែជាចំណុចស្នូលនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង ហើយវិធីសាស្រ្តដោះស្រាយ ជាមួយទីក្រុងព្យុងយ៉ាងនឹងត្រូវអនុវត្តរួមគ្នាជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ រួមមានជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

លោក Price បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទខ្លីមួយ មុនកិច្ចប្រជុំនៅថ្ងៃសុក្រសប្ដាហ៍នេះរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ុលលីវែន (Jake Sullivan) និងសមភាគីរបស់លោកមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចប់ការត្រួតពិនិត្យ ឡើងវិញនូវគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។

លោក Price បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចប្រជុំនេះគឺជាឱកាសមួយដើម្បីចែករំលែក កន្លែងដែលយើងស្ថិតក្នុងលក្ខខណ្ឌនៃការត្រួតពិនិត្យឡើងវិញ របស់យើង និងដើម្បីចែករំលែកទស្សនៈរបស់ពួកគេផងដែរ»។ លោក Price បន្ថែមថា៖ «ខ្ញុំមិនចង់កាត់សេចក្តីបញ្ចប់ទុកជាមុននៃការត្រួតពិនិត្យឡើងវិញ ដែលកំពុងកើតមានឡើងនោះទេ ប៉ុន្តែយើងបាននិយាយម្ដងហើយម្ដងទៀតថាការរំសាយអាវុធនុយក្លេអ៊ែរនៅតែជាចំណុចស្នូលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង។ យើងក៏ដឹងដែរថា វិធីសាស្រ្តដោះស្រាយជាមួយកូរ៉េខាងជើង ដើម្បីឱ្យមានប្រសិទ្ធិភាព គឺជាមធ្យោបាយមួយដែល យើងនឹងត្រូវអនុវត្តរួមគ្នាជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង រួមមានជប៉ុន និងកូរ៉េខាងត្បូង»

គួរបញ្ជាក់ថា លោក Sullivan នឹងជួបជាមួយសមភាគីរបស់លោកដែលមកពីប្រទេសជប៉ុន គឺលោក សិនជីរុ គិតាមូរ៉ា (Shigeru Kitamura) និងកូរ៉េខាងត្បូង គឺលោកស៊ូស ហ៊ុន (Suh Hoon) នៅឯបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងទីក្រុង អាន់ណាផូលីស (Annapolis) នៃរដ្ឋ ម៉ារីឡែនដ៍ (Maryland) នៅថ្ងៃសុក្រសប្ដាហ៍នេះ៕