(ម៊ូស្គូ)៖ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសានេះថា ស្ថានការណ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើងកំពុងជួបការលំបាកយ៉ាងខ្លាំង បន្ទាប់ពីបានចាត់វិធានការយ៉ាងតឹងរឹុងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ស្ថានទូតរុស្ស៊ីបាននិយាយថា បុគ្គលិកការទូតបរទេសកំពុងបោះបង់ចោលទីក្រុងព្យុងយ៉ាង ដោយខណៈនេះមានជនបរទេសមិនដល់ ៣០០នាក់ផង ដែលកំពុងរស់នៅក្នុងទីក្រុង។

នៅក្នុងរបាយការណ៍ដដែលនេះបានបន្ថែមថា «មនុស្សគ្រប់គ្នាមិនអាចស៊ូទ្រាំនឹងវិធាការរឹតត្បិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះទេ។ ខ្វះខាតទាំងទំនិញមូលដ្ឋាន រួមទាំងថ្នាំពេទ្យ និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពទៀតផង»

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើងបានព្រមានថា វិធានការប្រឆាំងនឹងជំងឺឆ្លងបានបណ្តាលឲ្យមានការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេនៅក្នុងប្រទេសមួយដែលមានបញ្ហាអសន្តិសុខស្បៀងអាហារស្រាប់។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងដែលស្ថិតក្រោមការដាក់ទណ្ឌកម្មអន្តរជាតិជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង បានរងទុក្ខជាយូរមកហើយចំពោះបញ្ហាកង្វះខាតស្បៀងរ៉ាំរ៉ៃ។ ការបិទខ្ទប់ប្រទេសប្រឆាំងនឹង COIVID-19 បានលុបចោលរាល់ជើងហោះហើរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជារថភ្លើងឆ្លងកាត់ព្រំដែនផងដែរ ដែលជាហេតុនាំឲ្យស្ថានការណ៍ជីវភាពប្រជាជន នៃប្រទេសមួយនេះកាន់តែយ៉ាប់យ៉ឺនថែមមួយកម្រិតទៀត៕