(ហុងកុង)៖ អាជ្ញាធរហុងកុង នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាពួកគេនឹងបន្តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ អាល្លឺម៉ង់ BioNTech នៅថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះកាលពីប៉ុន្មានថ្ងៃមុនដោយសារតែការវេចខ្ចប់របស់វាមានបញ្ហា។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍរួមគ្នាឡើងដោយក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech និងក្រុមហ៊ុនអាមេរិក Pfizer ចំនួន៣០០,០០០ដូសនឹងត្រូវមកដល់ ទីក្រុងហុងកុង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលត្រូវបានផលិត និងវេចខ្ចប់នៅរោងចក្រមួយផ្សេងគ្នាពីរោងចក្រដែលផលិត និងវេចខ្ចប់វ៉ាក់សាំងដែលអាជ្ញាធរហុងកុង បានផ្អាកការប្រើប្រាស់ កាលពីប៉ុន្មានថ្ងៃមុន ដោយសារតែការវេចខ្ចប់របស់វាមានបញ្ហា។

គួរបញ្ជាក់ថា ប្រហែល ៧ភាគរយនៃប្រជាជនសរុប ៧,៥លាននាក់នៅទីក្រុងហុងកុង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយដែលមួយភាគបីនៃពួកគេ បានទទួលការចាក់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech ដែលត្រូវបានចែកចាយនៅទីក្រុងហុងកុង និងម៉ាកាវតាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុនឱសថវិទ្យាចិន Fosun។ រហូតមកទល់ពេលនេះ ទីក្រុងហុងកុង បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១១,៤៨១ករណី ក្នុងនោះមានអ្នកស្លាប់ ២០៥នាក់ និងអ្នកជាសះស្បើយ ១១,១០៨នាក់៕