(សេអ៊ូល)៖ វិទ្យាស្ថានវិភាគវិស័យការពារជាតិរបស់កូរ៉េខាងត្បូង KIDA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីលផ្លោងជាបន្តបន្ទាប់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

លោក Lee Sang-min អ្នកជំនាញនៃវិទ្យាស្ថាន KIDA បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រុស្ស៉ីបានអភិវឌ្ឍមីស៉ីលផ្លោងឈ្មោះ Iskander ដែលជាប្រភេទប្រើឥន្ធនៈរឹង គឺដើម្បីជំនួយមីស៉ីលផ្លោង Scud របស់ខ្លួន ដែលជាប្រភេទប្រើឥន្ធនៈរាវ។ កូរ៉េខាងជើងក៏កំពុងធ្វើដូចគ្នាដែរ។ កាលពីសប្តាហ៍នមុន កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលផ្លោង រយៈចម្ងាយខ្លីចំនួន០២គ្រាប់ ដែលគេជឿថាជាទម្រង់ថ្មីនៃមីស៉ីល KN-23 ខណៈមីស៉ីលនេះយកលំនាំតាមមីស៉ីលផ្លោងរុស្ស៉ី Iskander។

បើតាមលោក Lee កូរ៉េខាងជើងបានអះអាងថា មីស៉ីលដែលខ្លួនបាញ់តេស្តកាលពីសប្តាហ៍មុននោះ អាចហោះបានចម្ងាយ៦០០គីឡូម៉ែត្រ ប៉ុន្តែដើម្បីអាចជំនួសមីស៉ីល Hwasong ដែលស្រដៀងនឹងមីស៉ីល Scud របស់រុស្ស៉ីបាន មីស៉ីល KN-23 នេះ ចាំបាច់ត្រូវមានសមត្ថភាព ហោះបានឲ្យឆ្ងាយជាងនេះ។ ដូច្នេះហើយ កូរ៉េខាងជើងទំនងជានឹងបន្តបង្កើនសមត្ថភាពរបស់វា ហើយធ្វើតេស្តបាញ់សាកល្បងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា បើនិយាយអំពីមីស៉ីលផ្លោងសំខាន់ៗ ដែលមានគោលដៅលើកូរ៉េខាងត្បូង កូរ៉េខាងជើងមានមីស៉ីលផ្លោង Hwasong-5, Hwasong 6 និង Hwasong 9។ សម្រាប់មីស៉ីលផ្លោង Hwasong-5 និង Hwasong-6 ត្រូវគេជឿថា អាចហោះបានចម្ងាយ៥០០គីឡូម៉ែត្រ ខណៈ Hwasong 9 អាចហោះដល់ខ្ទង់១,០០០គីឡូម៉ែត្រ៕