(វ៉ាស៊ីនតោន)៖ អំពើហិង្សារើសអើងពូជសាសន៍ប្រឆាំងនឹង «ពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី» បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសបន្ទាប់ពីមាន ករណីបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមានស្ត្រី៦នាក់ជាពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី នៅក្នុងទីក្រុងអាត្លង់តា (Atlanta) នៃរដ្ឋចចចៀ (Georgia) កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅ។ ករណីបាញ់ប្រហារនេះមិនត្រូវបានគេបញ្ជាក់ថាជាទង្វើរើសអើងពូជសាសន៍ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ អ្វីដែលគេដឹងនោះគឺអំពើហិង្សាប្រឆាំងជនជាតិ អាស៊ី, ពលរដ្ឋអាមេរិកស្បែកខ្មៅ ឬជនអន្តោប្រវេសន៍ដទៃ នៅក្នុងសហរដ្ឋអាមេរិកមិនមែនជារឿងថ្មីថ្មោងឡើយ ហើយវាក៏ប្រហែលជានឹងមិនងាយលុបបំបាត់នោះដែរ។

អង្គការ Stop AAPI Hate បានឱ្យដឹងថាកាលពីឆ្នាំ២០២០ ពួកគេទទួលបានពាក្យបណ្ដឹងជុំវិញអំពើហិង្សារើសអើងពូជសាសន៍ប្រឆាំងពលរដ្ឋអាមេរិកដើមកំណើតអាស៊ីជាង ៣,៧៩៥ពាក្យបណ្ដឹង ហើយនៅ២ខែដំបូងក្នុងឆ្នាំ២០២១នេះ អំពើហិង្សារើសអើងពូជសាសន៍បែបនេះមានរហូតដល់ទៅ៥០០លើក។ អង្គការមួយនេះបានបន្ថែមថាភាគច្រើន នៃករណីរើសអើងពូជសាសន៍ទាំងនេះមាន៦៨ភាគរយជាការប្រើប្រាស់ពាក្យពេចន៍រើសអើង ខណៈ១១ភាគរយ ជាហិង្សាបៀតបៀនលើរាងកាយ។ តើហេតុអ្វីបានជាហិង្សា រើសអើងពូជសាសន៍ប្រឆាំងនឹងពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី កើនឡើងខ្ពស់នៅក្នុងសហរដ្ឋអាមេរិក? ចម្លើយនៃសំនួរនេះមានការយល់ឃើញខុសៗគ្នា ដោយខ្លះថា ដោយសារតែផ្នត់គំនិត វប្បធម៌ ប្រវត្តិសាស្ត្រ និងអ្នកខ្លះទៀតថាដោយសារតែនយោបាយ។

គេសង្កេតឃើញថាហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី បានផ្ទុះឡើងខ្លាំងចាប់តាំងពីការចាប់ផ្ដើមឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុង សហរដ្ឋអាមេរិក។ បើគេចាំមិនភ្លេចទេ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំតែម្ដងត្រូវបានគេបន្ទោសថាជាអ្នកអុជអាលតាមរយៈការប្រើវោហាស័ព្ទដែល លើកទឹកចិត្តដល់ការប្រព្រឹត្តទង្វើរើសអើងប្រឆាំងនឹងជនជាតិអាស៊ី។

កំឡុងកាន់តំណែងជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០២០ បានហៅ COVID-19 ថា «វីរុសចិន (China Virus) និង Kung flu» ជាច្រើនលើកច្រើនសារនៅលើ បណ្ដាញ Twitter និងទាំងនៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្ររបស់លោកនៅឯយុទ្ធនាការឃោសនាបោះឆ្នោត។ ការសិក្សាសា្រវជ្រាវថ្មីមួយចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (University of California) បានរកឃើញថាការបង្ហោះសារនៅលើ Twitter របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយហៅ COVID-19 ថា «វីរុសចិន» គឺជាមូលហេតុមួយជំរុញឱ្យមានការរើសអើងពូជសាសន៍ លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។

ក្រុមអ្នកស្រាវជ្រាវអះអាងបែបនេះផ្អែកទៅលើការវិភាគសារបង្ហោះលើ Twitter ជាង៧សែនសារ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមាន ពាក់កណ្ដាលនៃសារទាំងនេះបានហៅ COVID-19 ថា «វីរុសចិន» ដែលជាការបង្ហាញពីគំនិតប្រឆាំងនឹងជនជាតិអាស៊ី និង២០ភាគរយប្រើប្រាស់ពាក្យ COVID-19។ ដោយឡែក បើតាមប៉ូលិសក្រុងញូយ៉ក កាលពីឆ្នាំ២០២០ ការរើសអើងពូជសាសន៍ប្រឆាំងនឹងពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី នៅក្នុងទីក្រុងញូយ៉កមាន២៩ករណី ក្នុងនោះមាន ២៤ករណីមានជាប់ពាក់ព័ន្ធនឹង COVID-19។ ការរើសអើងនេះនៅតែបន្តកើតមាន ដោយកាលពីដើមឆ្នាំ២០២១នេះ បុរសម្នាក់ជាពលរដ្ឋអាមេរិកដើមកំណើតកូរ៉េឈ្មោះ Denny Kim អាយុ២៧ឆ្នាំ ត្រូវបានគេវាយយ៉ាងដំណំ នៅក្នុងសង្កាត់កូរ៉េ (Koreatown) នៃទីក្រុងឡូស អាន់ជែលឡែស ហើយលោក Kim បានបញ្ជាក់ថាអ្នកដែលវាយ រូបលោកបាននិយាយ «អ្នកឯងមានវីរុសចិន ដូច្នេះត្រឡប់ទៅស្រុកចិនវិញទៅ»

តែទោះជាបែបនេះក្ដី សម្ដីរបស់លោក ដូណាល់ ត្រាំ គ្រាន់តែជាផ្នែកមួយនៃការកើនឡើងហិង្សាប្រឆាំងជនជាតិអាស៊ីតែប៉ុណ្ណោះ។ តាមការពិតទៅ នៅក្នុងសង្គមអាមេរិការរើសអើងពូជសាសន៍សឹងតែមិនមែនជារឿងចម្លែកនោះទេ។ បើគេត្រឡប់ទៅមើលអតីតតកាល គំនិតស្អប់ជនជាតិអាស៊ី ឬចិនមានតាំងតែពីស.វទី១៩មកម្ល៉េះ។ កាលពីឆ្នាំ ១៨៧១ ជនជាតិជិត២០នាក់ត្រូវបានគេសម្លាប់ ហើយអាមេរិកចាប់ផ្ដើមបង្កើតច្បាប់មួយចំនួនប្រឆាំងនឹងជនអន្តោប្រវេស៍ ក្នុងនោះរួមមានការបង្កើតច្បាប់ដែលមានគោលដៅលើជនជាតិចិន នោះគឺច្បាប់ Chinese Exclusion Act នៅឆ្នាំ១៨៨២។ ច្បាប់នេះហាមឃាត់ជនជាតិចិនចូលមកក្នុងសហរដ្ឋអាមេរិក ហើយរារាំងមិនឱ្យជនជាតិចិន ដែលរស់នៅលើទឹកដីអាមេរិកស្រាប់ ទទួលបានសញ្ជាតិអាមេរិក។ ច្បាប់នេះត្រូវបានអនុវត្តរាប់សិបឆ្នាំ មុននឹងត្រូវលុបចោលនៅឆ្នាំ១៩៤៣។

គំនិតរើសអើងពូជសាសន៍នៅសហរដ្ឋអាមេរិក មែនកើតឡើងតែលើជនជាតិអាស៊ីនោះទេ វាក៏កើតមានផងដែរចំពោះជនអន្តោប្រវេសន៍, ពលរដ្ឋអាមេរិកស្បែកខ្មៅ ឬមានពណ៌សម្បុរដទៃ។ ការប្រកាន់ពណ៌សម្បុរភាគច្រើនមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកស្បែកសជាតិនិយមដែលហៅខ្លួនឯងថា White Supremacy។ White Supremacy យល់ថាជនជាតិស្បែកសគឺល្អលើសជនជាតិមានពណ៌សម្បុរដទៃ ហើយតែងតែមានផ្នត់គំនិតថាជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកបានដណ្ដើមការងារ និងទឹកដីរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌល Pew Research ពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីបានកើនឡើង៧២ភាគរយ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៥ ដែលនេះជាអាត្រាខ្ពស់បំផុតបើធៀបទៅនឹងប្រជាជនភាគតិចដទៃនៅក្នុងសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ទិន្នន័យជំរឿនកាលពីឆ្នាំ២០១៨ ក៏បានឱ្យដឹងដែរថាពលរដ្ឋ អាមេរិកដើមកំណើតអាស៊ី ២២.៦លាននាក់ កំពុងរស់នៅលើទឹកដីអាមេរិក ឬស្មើនឹងជិត៧ភាគរយនៃប្រជាជនអាមេរិកសរុប ដែលនេះធ្វើឱ្យគេព្យាករថានៅត្រឹមឆ្នាំ២០៤៤ ប្រជាជនអាមេរិកស្បែកស អាចនឹងលែងតំណាងឱ្យប្រជាជនភាគច្រើននៅក្នុងសហរដ្ឋអាមេរិកទៀតឡើយ៕

ប្រភព៖ New York Times, CNN