(ប៉េកាំង)៖ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ចាង ឌីងយូ ប្រធានមន្ទីរពេទ្យ Jinyintan ក្រុងវូហាន ខេត្តហ៊ូប៉ី ត្រូវបានប្រគល់រង្វាន់កិត្តិយសជាតិជា «វីរៈបុរសប្រជាជន» ដោយផ្ទាល់ ពីសំណាក់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ក្នុងមហាសន្និបាតចែកប័ណ្ណសរសើរ វិស័យប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទូទាំងប្រទេសចិន។

កាលពីឆ្នាំ២០១៨ លោក ចាង ឌីងយូ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺ ALS ដែលជាជំងឺកម្រមួយ បច្ចុប្បន្នមិនអាចព្យាបាលបាន។ នៅទីបំផុតអ្នកកើតជំងឺប្រភេទនេះ នឹងបាត់បង់ជីវិត ដោយសារតែការដកដង្ហើមមិនរួច។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ អ្នកជំងឺជុំទី១ ចំនួន០៧នាក់ ដែលមានជំងឺរលាកសួតដោយមូលហេតុមិនស្គាល់ នៅផ្សារគ្រឿងសមុទ្រ Huanan នៅក្រុងវូហាន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Jinyintan ជាមន្ទីរពេទ្យជំនាញឯកទេសជំងឺឆ្លងតែមួយគត់ នៅក្រុងវូហាននៃខេត្តហ៊ូប៉ី។

ក្នុងនាមជាប្រធាននៃមន្ទីរពេទ្យ លោក ចាង ឌីងយូ បានរៀបចំចាត់ចែងកម្លាំងពេទ្យឱ្យបានឆាប់ ដើម្បីរៀបចំកន្លែងចត្តាឡីស័ក សម្រាប់ទទួលព្យាបាលអ្នកជំងឺទាំងនេះ (បច្ចុប្បន្នយើងស្គាល់ថាជាជំងឺ COVID-19)។ ក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺ COVID-19 ទាំងខ្លួនមានជំងឺ លោក ចាង បានប្រយុទ្ធនឹងសេចក្តីស្លាប់ រត់ប្រណាំងនឹងពេលវេលា ដោយប្រឹងប្រែងទាំងយប់ទាំងថ្ងៃ នៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

នៅទីបំផុត ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងជំងឺឆ្លង លោកបានដឹកនាំបុគ្គលិកពេទ្យជាង ៦០០នាក់ សង្គ្រោះនិងព្យាបាលអ្នកជំងឺធ្ងន់ធ្ងរជាង ២៨០០នាក់និ ងបានកសាងរបាំងការពារជីវិតសម្រាប់អ្នកជំងឺ។ ខណៈពេលដែលលោក ចាង ឌីងយូ បានដឹកនាំបុគ្គលិកពេទ្យទាំងអស់ ព្យាបាលអ្នកជំងឺឆ្លងទាំងយប់ទាំងថ្ងៃ ភរិយារបស់លោកដែលធ្វើការនៅជួរមុខនៃការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 នៅមន្ទីរពេទ្យមួយផ្សេងទៀត បានឆ្លង COVID-19 ហើយលោក ចាង ឌីងយូ បានខិតខំទៅសួរសុខទុកប្រពន្ធមិនឲ្យអាក់ខានផងដែរ។

លោក ចាង ឌីងយូ បានធ្វើជាគ្រូពេទ្យអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ លោកធ្លាប់បានរួមដំណើរជាមួយក្រុមគ្រូពេទ្យចិន ដើម្បីជួយប្រទេសអាល់ហ្សេរី ក្នុងនាមជា «គ្រូពេទ្យគ្មានព្រំដែន» ទី១ ប្រចាំខេត្តហ៊ូប៉ីផងដែរ។ នៅថ្ងៃទី៣ នៃការរញ្ជួយដីនៅស្រុកវេនឈួន នៃខេត្តស៊ីឈួន លោក ចាង បានដឹកនាំក្រុមវេជ្ជសាស្រ្តទៅជួយសង្គ្រោះនៅតំបន់ពិបាកបំផុត។ ពេលនោះ លោកចាង ឌីងយូ បាននិយាយដោយត្រង់ៗថា «នៅពេលខ្ញុំនៅអាចដើរដោយខ្លួនឯង នៅអាចធ្វើការ និងអាចជួយមនុស្សគ្រប់គ្នា ហេតុអ្វីខ្ញុំមិនខំប្រឹងធ្វើការ? ហេតុអ្វីខ្ញុំមិនជួយអ្នកជំងឺឱ្យបានកាន់តែច្រើន? ពេលវេលាជីវិតបស់ខ្ញុំជិតអស់ហើយ ខ្ញុំត្រូវតែរត់ឱ្យកាន់តែលឿន ទើបអាចរត់ឈ្នះពេលវេលា ខ្ញុំត្រូវតែរត់ឱ្យកាន់តែលឿន ទើបអាចជួយសង្គ្រោះអ្នកជំងឺ កាន់តែច្រើនពីជំងឺ COVID-19»