(ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការចាប់ផ្ដើមបើកកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនជូនដល់ ប្រជាជនដែលមានអាយុលើសពី៤៥ឆ្នាំថែមទៀត ខណៈការឆ្លងរីករាលដាលនៃជំងឺនេះ បាននិងកំពុងបន្តកើនឡើងយ៉ាងខ្លាំង ដែលវានឹងបង្កឲ្យមានការពន្យាពេល នៃការនាំចេញវ៉ាក់សាំង ពីប្រទេសផលិតវ៉ាក់សាំងដ៏ធំជាងគេមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ប្រទេសឥណ្ឌា ដែលជាប្រទេសមានចំនួនករណីឆ្លងជំងឺ COVID-19 ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល រហូតមកដល់ពេលនេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៦៤លានដូសប៉ុណ្ណោះ តែបាននាំចេញវ៉ាក់សាំងរាប់សិបលានដូសដូចគ្នាផងដែរ។ ការនាំចេញវ៉ាក់សាំងច្រើនបែបនេះហើយ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេស ព្រោះថាតួលេខនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា គឺមានអត្រាទាបជាងបណ្ដាប្រទេសដទៃទៀតជាច្រើន។

រដ្ឋាភិបាលឥណ្ឌា ធ្លាប់បានប្រកាសថា ប្រជាជនដែលមានអាយុលើសពី៤៥ឆ្នាំ អាចចុះឈ្មោះចូលរួមចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១ ខែមេសានេះ តទៅបាន។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក ហាស្ស វ៉ាដាន (Harsh Vardhan) បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា ប្រទេសឥណ្ឌា នឹងមិនមានការខ្វះខាតវ៉ាក់សាំងនៅក្នុងប្រទេសឡើយ ខណៈកម្មវិធីចាក់វ៉ាក់សាំង ត្រូវបានពង្រីកបន្ថែម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌា កំពុងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមួយត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) និងមួយទៀតដោយក្រុមហ៊ុនផលិតឱសថឥណ្ឌា ប៉ារ៉ាត់ បាយអូធិច (Bharat Biotech) ដែលកំពុងព្យាយាមបង្កើនលទ្ធភាពផ្គត់ផ្គង់។ និយតករឱសថឥណ្ឌា ត្រូវបានគេរំពឹងថា នឹងអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗនេះផងដែរ។

រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១២.២២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៦ម៉ឺននាក់ និងអ្នកជាសះស្បើយជាង ១១.៤៧លាននាក់។ សម្រាប់ចំនួនករណីឆ្លងថ្មីៗ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺជាង៧ម៉ឺននាក់ និងករណីស្លាប់ថ្មីៗ មានជាង៤៥០នាក់៕