(សៅប៉ូឡូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា អ្នកជំងឺម្នាក់ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសថា បានឆ្លងវីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មី ដែលដូចគ្នាទៅនឹងវីរុសបំប្លែងខ្លួនថ្មី នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងផង និងអាចជាវីរុសដែលវិវត្តពីវីរុសបំប្លែងខ្លួន ត្រូវបានគេរកឃើញដំបូងនៅក្នុងរដ្ឋ អាម៉ាហ្សូណាស៍ (Amazonas)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលប្រេស៊ីល ករណីវីរុសបំប្លែងខ្លួនថ្មីខាងលើ ត្រូវបានរកឃើញលើអ្នកជំងឺម្នាក់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង សូរ៉ូខាបា (Sorocaba) ស្ថិតនៅចំងាយ ៩៧គីឡូម៉ែត្រពីភាគខាងលិចទីក្រុង សៅប៉ូឡូ។ ភ្លាមៗមិនទាន់មានការបញ្ជាក់លម្អិត អំពីវីរុសបំប្លែងខ្លួនថ្មីនេះទេ ប៉ុន្តែអាជ្ញាធរសុខាភិបាលប្រេស៊ីលជឿជាក់ថា វាទំនងអាចជាវីរុសដែលបំប្លែងខ្លួនពីវីរុសបំប្លែងខ្លួនថ្មី មានឈ្មោះសម្គាល់ P1។ P1 គឺជាវីរុសបំប្លែងខ្លួនថ្មីត្រូវបានរកឃើញ នៅក្នុងរដ្ឋ Amazonas នៃប្រទេសប្រេស៊ីលកាលពីខែវិច្ឆិកាកន្លងទៅ ហើយវាត្រូវបានគេចាត់ទុកថា ជាវីរុសអាចចម្លងលឿនរហ័ស និងមានភាពកាចសាហាវផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ប្រេស៊ីលគិតត្រឹមថ្ងៃពុធម្សិលមិញ មានអ្នកឆ្លង COVID-19 សរុប ១២,៧៥៣,២៥៨នាក់ ក្នុងនោះស្លាប់ ៣២១,៨៨៦នាក់ និងជាសះស្បើយឡើងវិញ ១១,១៦៩,៩៣៧នាក់។ បច្ចុប្បន្នប្រទេសប្រេស៊ីល កំពុងតែស្ថិតនៅក្នុងកំពូលតារាង ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ក្នុងអត្រាខ្ពស់ជាងគេបំផុតលើលោក៕