(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធ ដែលមានកញ្ចប់ទំហំថវិកា ២ទ្រីលានដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូន, បង្កើតការងាររាប់លានកន្លែង និងបង្កើនការវិនិយោគ ដែលអាចជំរុញឱ្យសហរដ្ឋអាមេរិកទប់ទល់ឥទ្ធិពលចិន នៅលើឆាកសេដ្ឋកិច្ចសកល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

នៅក្នុងផែនការហេដ្ឋារចនាសម្ព័ន្ធរបស់លោក ចូ បៃដិន ខាងលើនេះ ៦២០ពាន់លានដុល្លារនឹងត្រូវផ្គត់ផ្គង់ដល់វិស័យដឹកជញ្ជូន ក្នុងនោះរួមមានទាំងការកែលម្អផ្លូវប្រវែង ៣២,០០០គីឡូម៉ែត្រ, ជួសជុលស្ពានរាប់ពាន់កន្លែង និងបង្កើនកញ្ចប់ថវិកា សម្រាប់សេវាដឹកជញ្ជូនសាធារណៈ។

លោក បៃដិនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំស្នើឡើងនូវផែនការមួយសម្រាប់ជាតិ... ដែលនឹងកសាងសេដ្ឋកិច្ចដ៏មានតម្លាភាព, ផ្ដល់ឱ្យអ្នកគ្រប់គ្នានូវឱកាសជោគជ័យ ហើយនឹងបង្កើតសេដ្ឋកិច្ចមួយមានភាពរឹងមាំ ដែលពឹងលើខ្លួនឯង និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងពិភពលោក»

គួរបញ្ជាក់ថា ការប្រកាសពីផែនការហេដ្ឋារចនាសម្ព័ន្ធខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បន្ទាប់ពីកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពីវិបត្តិ COVID-19 របស់លោកជិត ២ទ្រីលានដុល្លារត្រូវបានសភាទាំង ២ របស់សហរដ្ឋអាមេរិកអនុម័ត៕