(រ៉ូម៉ានី)៖ ប្រទេសអ៉ីតាលី បានបណ្តេញមន្ត្រីរុស្ស៉ីចំនួន២រូប នៅថ្ងៃពុធ ទី៣១ ខែមីនានេះ បន្ទាប់ពីកាប់ពីទែនកងទ័ពជើងទឹកអ៉ីតាលីម្នាក់ ត្រូវបានចាប់ខ្លួនពីបទលក់ឯកសារសម្ងាត់ទៅឲ្យមន្រ្តីយោធារុស្ស់ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសបានឲ្យដឹងថា កាប់ពីទែននាវាចម្បាំងខាងលើ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីមានទំនាក់ទំនងសម្ងាត់ជាមួយរុស្ស់ី កាលពីល្ងាចថ្ងៃអង្គារ នៅទីក្រុងរ៉ូម។

ប៉ូលីសប្រតិបត្តិការពិសេសរបស់អ៉ីតាលី បានបញ្ឈប់បុរសទាំងពីរនាក់ ប៉ុន្តែមានតែជនជាតិអ៉ីតាលីម្នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន។ បុរសម្នាក់នោះត្រូវបានគេចោទប្រកាន់ពីបទប្រគល់ «ឯកសារសម្ងាត់» ជាថ្នូរនឹងប្រាក់។

ប៉ូលីសបានគូសបញ្ជាក់ថា មន្រ្តីរុស្ស៉ីនៅស្ថានទូតបានរួចផុតការឃុំឃាំង ដោយសារមានអភ័យឯកសិទ្ធិការទូត។

រដ្ឋមន្ត្រីការបរទេសអ៉ីតាលីលោក Luigi Di Maio បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅទីក្រុងរ៉ូម លោក Sergey Razov នៅព្រឹកថ្ងៃពុធនេះ ដើម្បីធ្វើការតវ៉ាជាផ្លូវការ។

លោក Di Maio បានគូសបញ្ជាក់ថា មន្ត្រីរុស្ស៉ីយោធាទាំងពីរនាក់ ដែលពាក់ព័ន្ធនឹងករណីដ៏គ្រោះថ្នាក់បំផុតនេះ ត្រូវបានបណ្តេញចេញពីប្រទេសភ្លាមៗ។

គួរបញ្ជាក់ថា យោងតាមកាសែត La Repubblica បាននិយាយថា នាវិកកងទ័ពជើងទឹកនោះបានធ្វើការនៅការិយាល័យអគ្គសេនាធិការការពារជាតិ និងមានសិទ្ធិចូលមើលឯកសារជាច្រើនទាក់ទងនឹងសកម្មភាពការពារជាតិរបស់អ៉ីតាលី និងអង្គការណាតូទៀតផង។ កាសែត Corriere della Sera បានរាយការណ៍ថា កាប់ពីទែនរូបនោះបានទទួលប្រាក់ចំនួន ៥,០០០អឺរ៉ូ (៥.៨៦០ ដុល្លារ) ពីមន្ត្រីរុស្ស៉ី៕